(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងយុវជន ស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា សកម្មជនគណបក្សប្រជាជនកម្ពុជា ត្រូវបន្តធ្វើអំពើល្អ ដើម្បីបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ចុះជួបសំណេះសំណាល ជាមួយសកម្មជន យុវជន កម្មករ-កម្មការិនី ចំនួន៣ឃុំ គឺឃុំកណ្តោក ជើងកើប និងព្រះពុទ្ធ សរុបចំនួន៩២០នាក់ ស្ថិតនៅបរិវេណវត្តមហាខេត្តវ័ន ហៅ វត្តស្រែព្រៃ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីនោះ លោក ណុប រ័ត្ននិមល បានរៀបរាប់ពីកម្មវិធីនយោបាយរបស់គណបក្ស និងដាស់តឿនក្រើនរំលឹកដល់សកម្មជនយុវជនទាំងអស់ ត្រូវធ្វើអំពើល្អ និងខិតខំបំរើប្រជាពលរដ្ឋ ពិសេសត្រូវសាមគ្គីគ្នាទប់ទល់តបតនិងវាយបកចំពោះជនណា ឬក្រុមណា ដែលចង់បង្កអសនិ្តសុខសង្គម ចង់បំផ្លាញការបោះឆ្នោត។
លោក ណុប រ័ត្ននិមល បានបញ្ជាក់ទៀតថា ត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យបក្ស ពោលគឺត្រូវចេះពន្យល់ណែនាំ កែតម្រូវ ដល់យុវជនដូចគ្នា រួមទាំងពុក ម៉ែបងប្អូនឲ្យយល់ពីគោលនយោបាយ ដឹកនាំរបស់បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន។
លោក ណុប រ័ត្ននិមល ក៏បានលើកឡើងពីការរីកចម្រើន លើគ្រប់វិស័យ ពិសេសវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងបានបន្ថែមពាក់ព័ន្ធ នឹងអត្ថប្រយោជន៍ ដែលកម្មករ-កម្មការិនី ទទួលបាន មានដូចជា៖
* ការចេញមុនម៉ោង១៥នាទី សម្រាប់កម្មការិនីមានផ្ទៃពោះ,
* ទទួលបានប្រាក់ខែគោល អប្បរមា១៧០ដុល្លារ ក្នុង១ខែ,
* ជិះរថយន្តក្រុងដោយឥតគិតថ្លៃ សម្រាប់កម្មករ-កម្មការិនី ធ្វើការនៅរាជធានីភ្នំពេញ,
* ឈប់សម្រាកលំហែរមាតុភាព ដោយទទួលបានប្រាក់ខែ១២០%,
* ព្យាបាលជម្ងឺដោយមិនគិតប្រាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ,
* ទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្ត្រីរាជការ ចាប់ពីឆ្នាំ២០១៩តទៅ,
* ទទួលបានប្រាក់ឧបត្ថម្ភ ក្នុងពេលឆ្លងទន្លេតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស),
* ធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ការងារ ដើម្បីកំណត់ឱយនិយោជកដោះស្រាយ ប្រាក់អតីតភាពរាល់៦ខែម្តង ទប់ស្កាត់ហានីភ័យករណីរោងចក្របិទទ្វារ។
ជាមួយគ្នានោះ លោក ណុប រ័ត្ននិមល បានអំពាវនាវដល់សកម្មជន យុវជន កម្មករ-កម្មការិនី អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ព្រោះមានតែគណបក្សប្រជាជន តែមួយគត់រក្សាបានស្ថិរភាពនយោបាយ ឧត្តមភាពការងារ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕