(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ និងស្រុកកំពង់សៀម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដអំពាវនាវ ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានលេខរៀងទី២០ ដើម្បីផ្តល់ជូនសម្តេចតេជោ បន្តដឹកនាំប្រទេសឆ្ពោះ ទៅរកការវិវឌ្ឍ រីកចំរើនបន្ថែមទៀត។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អមដោយប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំទឹកជ្រៅ លោកស្រី ឡេង សុខា អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា ស្រុក-ឃុំ លោកគ្រូ-អ្នកគ្រូ អាជ្ញាធរស្រុក ឃុំគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះករ រៀបចំពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន២,០០០នាក់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ហ៊ីង ម៉េងហៀង មេឃុំទឹកជ្រៅ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ពីស្ថានភាពជីវភាព សេចក្តីសុខទុក្ខ និងការអភិវឌ្ឍរីកចំរើន ពិសេសផ្លូវលំជនបទ ដែលរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងលោកប្រធានក្រុមការងារ និងសហការី បានជួយឧបត្ថម្ភ គាំទ្រកសាង និងអភិវឌ្ឍធ្វើឲ្យជីវភាព របស់បងប្អូនមានការផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ។
នាឱកាសនេះ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៥ កន្លងមក និងបានចំណាយពេលវេលា ដ៏មានតម្លៃមករង់ចាំ ជួប លោកដើម្បីស្តាប់មតិសំណេះសំណាល សាកសួរសុខទុក្ខ និងតាមដានស្តាប់ពីស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គម នាពេលបច្ចប្បន្នក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកបានពាំនាំ មកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូ យកចិត្តទុកដាក់ពី បញ្ហាជីវភាព និងសេចក្តីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ សារសំខាន់ៗ ចំនួន៦ចំណុច ដែលលោកបានយកមកជម្រាបជូន បងប្អូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖
ទី១៖ ការធ្វើពលីកម្មយ៉ាងធំធេង របស់សម្តេចក្នុងការផ្សះផ្សាជាតិ ដើម្បីបញ្ចប់សង្គ្រាម ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។
ទី២៖ ការដាក់ចេញគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍពេញលេញលើផ្ទៃប្រទេស។
ទី៣៖ បានធ្វើឲ្យប្រទេសជាតិ ទទួលបានវឌ្ឍនភាពល្អលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
ទី៤៖ ដើម្បីលើកកំពស់កំរិតជីវភាព តាមរយៈការដាក់ចេញនូវគោលនយោបាយ នៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាក់ស្តែងបច្ចុប្បន្នមានរោងចក្រ និងសហគ្រាស ចំនួនជាង ១១,០០០ ដែលអាចទទួល យកកម្មករ-កម្មការនី ប្រមាណ ១.២លាននាក់ បាននិងកំពុងបម្រើការក្នុងវិស័យនេះ ហើយអនាគតនឹងមានការកើនឡើថែមទៀត។ ក្រៅពីនេះ គោលនយោបាយវិនិយោគវិស័យកសិកម្មកែច្នៃ ការគាំពារសន្តិសុខសង្គម សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកកំពស់។
ទី៥៖ គិតគូ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាព ប្រចាំថ្ងៃ និងចំពោះមុខតាមរយៈការដាក់ចេញ នូវគោលនយោបាយលប់បំបាត់សេវាសាធារណៈពន្ធ និងតម្លៃអគ្គិសនី និងការគាំពារស្រ្តីក្រីក្រមានផ្ទៃពោះ។
ទី៦៖ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដល់ការគាំទ្រសហគ្រាសធន់តូច និងមធ្យម ក្នុងការកែឆ្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។
ទី៧៖ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ ២០៣០។
ជាមួយគ្នានោះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំង២,០០០នាក់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដែលមានលេខរៀងទី២០ នៅក្នុងសន្លឹកឆ្នោត ជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីផ្តល់ជូនសម្តេចតេជោ បន្តដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចំរើនបន្ថែមទៀត។ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតជូនខ្លួនឯង បោះឆ្នោតជូន គណបក្សប្រជាជន គឺដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះ ដោយយោងតាមសំណើចាំបាច់ របស់ព្រះសង្ឃប្រជាជន និងលោកគ្រូ-អ្នកគ្រូ លោកបានជួយឧបត្តម្ភអណ្តូងទឹក បរិក្ខាអគ្គិសនី សំលៀកបំពាក់ប្រជាការពារ ការជួសជុលផ្លូវ និងការបន្តកសាង ទីសេនាសេណាក់វត្តចំនួនបី មួយចំនួនផងដែរ។ ចំពោះសំណើធ្វើផ្លូវលំ លោកបានឲ្យប្រធានក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ទើបពិនិត្យសម្រេចជាក្រោយ៕