(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានជំរុញឲ្យ ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត នៅឃុំព្រែកតាកូវ និងឃុំព្រែកលួង ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យ សម្រាប់ប្រទេសជាតិទាំងមូល។

ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវបេតុង, ផ្លូវក្រាលថ្មមិច, ផ្លូវលំ, ស្ពាន, លូ, និងសមិទ្ធផល ជាច្រើន ផ្សេងៗទៀត នៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយចំណាយថវិកាសាងសង់ អស់ប្រមាណជាង ៣៧ ម៉ឺនដុល្លារ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះតាជី, យាយជី, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, ការលំបាក និងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា និងតែងតែ នៅជាប់ជាប្រចាំ ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា, សមិទ្ធផលជាច្រើន ដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ គឺជាការឆ្លើយតប ទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង នៅក្នុងវេទិកាសាធារណៈនៅឃុំទាំងពីរ ដែលមានជាអាទិ៍រួមមាន៖

* ផ្លូវក្រាលកំទេចថ្ម ដែលដាក់លូរំដោះទឹក ចំនួន៣ខ្សែ, ប្រវែងសរុប ៣,២៤៧ ម៉ែត្រ នៅក្នុងឃុំព្រែកតាកូវ, ផ្លូវក្រាលកំទេចថ្មចំនួន១៩ខ្សែ ប្រវែង ៨,៥១២ ម៉ែត្រ, និងផ្លូវបេតុងទទឹង២ម៉ែត្រ, បណ្តោយ៦០ម៉ែត្រ, ចំនួន៣៤ ខ្សែ, ប្រវែងសរុប២,០៤០ម៉ែត្រ នៅក្នុងឃុំព្រែកលួង សម្រាប់បម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំទាំងពីរ ក៏ដូចជានៅគ្រប់ទីកន្លែងដទៃទៀត អាចកើតឡើងបាន ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញបរិបូរណ៍ ដូចសព្វថ្ងៃ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ និងដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា​៕