(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្លាបលែង មានការរៀបចំពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះរួមមានលោក យឹម សុខុម ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបរសេដ្ឋ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក និងកម្មករ កម្មការិនី ប្រមាណ១២០០នាក់ផងដែរ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកអភិបាលរងស្រុកបរសេដ្ឋ និងការជម្រាបជូនអំពីគោលនយោបាយរាជរដ្ឋាភិបាលដែលកំពុងផ្តល់របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ជាច្រើនដល់កម្មករ និងដាក់សំណួរឱ្យកម្មករកម្មការិនីឆ្លើយដើម្បីយក រង្វាន់ពីលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺរួចមក លោក យឹម សុខុម បានថ្លែងអំពាវនាវឱ្យកម្មករកម្មករិនីទាំងអស់ទៅបោះឆ្នោតកុំខាន នៅថ្ងៃទី២៩ ខែកក្កដា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋ ហើយកុំជឿតាមការឃោសនារបស់ទណ្ឌិត សម រង្ស៊ី។ យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោបន្តដឹកនាំ និងបន្តផ្តល់អត្ថប្រយោជន៍ ហើយយើងមានការងារធ្វើ ព្រមទាំងមានប្រាក់ចំណូលផងដែរ។
មានមតិសំណេះសំណាល ជាមួយកម្មករកម្មការិនី លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមានប្រជាធិបតេយ្យ។ យើងរៀបចំការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង ដោយសារយើងគោរពច្បាប់ថាកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ពេលទៅបោះ ឆ្នោតយើងមានសញ្ញាសម្គាល់គឺថា ម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ តែបើអ្នកមិនទៅបោះឆ្នោតបានន័យថា អ្នកមិនស្រឡាញ់ប្រជាធិបតេយ្យ អ្នកស្រឡាញ់របបផ្តាច់ការ។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កុំជឿតាមការឃោសនាអកុសលរបស់ជនបោកប្រាស់នៅក្រៅស្រុក ហើយបើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ ទង្វើទាំងនេះនឹងទទួលរងការផាកពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចាប់ពីឆ្នាំ២០១៦មក។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិនប្រាកដថាជាអ្នកក្រទេ ព្រោះថាបើយើងក្រ គេមិនឱ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងស្ថានភាព មួយដែលមានការរីកចម្រើនហើយ។ កម្ពុជាយើងនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកនេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនកម្មករកម្មការិនីបានឆ្លើយព្រមគ្នាថា, ១) បានជាប្រទេសយើងរៀបចំការបោះឆ្នោត គឺដោយសារប្រទេសយើងកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស, ២) អ្នកដែលទៅរារាំងមិនឱ្យគេមកជួយ និងមកវិនិយោគនៅស្រុកខ្មែរជាជនក្បត់ ជាតិ, ៣) យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់កម្មករកម្មការិនីទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី ២៩ ខែកក្កដា នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាតាំងពីព្រឹកព្រលឹម ដោយត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា៕