(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារ CPP ឃុំភ្នំសំពៅ និងសហការី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំបច្ច័យ២៥លានរៀល ប្រគេនព្រះសង្ឃ នៅតាមវត្ត នីមួយៗចំនួន៥វត្ត ក្នុងឃុំភ្នំសំពៅ សម្រាប់ទុកកសាង និងប្រើប្រាស់ក្នុងវត្ត ខណៈពេលព្រះសង្ឃគ្រប់អង្គ គង់ចាំព្រះវស្សា និងជាកិច្ចការចុងក្រោយ របស់ក្រុមការងារមុនពេល បើកយុទ្ធនាការឃោសនា បោះឆ្នោត ខាងមុខនេះ។

លោក ហែម ថេង បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ បានធ្វើកិច្ចការជាច្រើនសន្ធឹកសន្ធាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈ ការកសាងសមិទ្ធិផល លើគ្រប់វិស័យក្នុងមូលដ្ឋាន ដូចជាការ ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ការចុះចែកមូលនិធិមនុស្សធម៌ ដល់ស្រ្តីឆ្លងទន្លេ គ្រួសារមរណៈភាព ជនក្រីក្រ ជនចាស់ជរា ក្មេងកំព្រា ស្រ្តីមេម៉ាយឥតទីពឹង និងការងារជាច្រើនផ្សេងទៀតកន្លងមកនោះ ប្រធានក្រុមការងារ ក៏បានផ្សារវិស័យព្រះពុទ្ធសាសនាផងដែរ ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ជាក់ស្តែងថ្ងៃចុងក្រោយនេះ ក្រុមការងារបាននាំបច្ច័យ យកទៅប្រគេនព្រះសង្ឃ តាជី យាជី នៅតាមបណ្តាវត្តទាំង៥ ក្នុងឃុំភ្នំសំពៅ សម្រាប់យកទៅកសាង និងប្រើប្រាស់ក្នុងវត្ត៖ ក្នុងនោះមាន វត្តចែងក្តា វត្តទ្រុងមាន់ វត្តកន្ទុយក្រពើ វត្តភ្នំសពៅ និងវត្តភ្នំអណ្តើក មានព្រះសង្ឃទាំង៥វត្ត សរុបមាន១៦០អង្គ តាជី យាយជី មាន១០៩នាក់ ដោយក្នុង១វត្តៗ ទទួលបានបច្ច័យ៣លានរៀល ដោយឡែក វត្តភ្នំអណ្តើក បានប្រគេនបច្ច័យចំនួន១០លានរៀលបន្ថែម សម្រាប់ចូលរួមកសាងអាស្រមមួយខ្នង ធ្វើអំពីឈើផងដែរ។

លោកប្រធាន បានអំពាវនាវ ដល់ព្រះសង្ឃគ្រប់អង្គ និងតាជី យាយជីទាំង៥វត្ត ក្នុងឃុំថា សូមនិមន្ត និងអញ្ជើញទៅបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបាន គ្រប់អង្គ និងគ្រប់គ្នា ពិសេសបោះឆ្នោតជូនបក្ស CPP ទទួលបានជោគជ័យ ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំជានាយករដ្ឋមន្រ្តីអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ មានការរីកចម្រើនតទៅ។

លោកប្រធាន ក៏បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងលោកតា លោកយាយ និងពុទ្ធបរិស័ទ្ធនៅតាមវត្តទាំង៥ នៅក្នុងឃុំភ្នំសំពៅ តែងតែបានគាំទ្របក្ស CPP កន្លងមកបានឈ្នះឆ្នោត៥អាណត្តិកន្លងមក និងសូមគាំទ្រការបោះឆ្នោត នៅអាណត្តិទី៦ខាងមុខ ទទួលបានជោគជ័យដូចអាណត្តិមុនៗ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសមានការរីកចម្រើន នៅតាមមូលដ្ឋានភូមិ-ឃុំរបស់យើង៕