(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស សមាគមមូល និធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានលើកឡើងថា កម្ពុជា ក្រោយត្រូវបានបញ្ចប់សង្រ្គាម បានប្រែក្លាយពីតំបន់វាយប្រយុទ្ធគ្នា ទៅជាកន្លែងទេសចរណ៍ សេដ្ឋកិច្ច បង្កើនចំណូលជូនប្រជាពលរដ្ឋ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អមដំណើរ ដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញចូលជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋមកពីឃុំប្រាសាទ និងឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៤,០០០នាក់ នៅវិទ្យាល័យទឹកជោ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ជាមួយគ្នានេះ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោមយុទ្ធសាស្រ្ត ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានពន្លត់ភ្លើងសង្រ្គាមបានដោយខ្លួនឯង ហើយសមិទ្ធិផលស្ពាន ថ្នល់ សាលារៀន អគ្គិសនី ជាដើម -ល-។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា ដែលកើតមានមកទល់សព្វថ្ងៃនេះ មិនមែនកើតឡើង ដោយអត់ព្រាងទុកនោះទេ គឺកើតឡើង ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ ក្រោយសង្រ្គាមត្រូវបានបញ្ចប់ ប្រែក្លាយពីតំបន់វាយប្រយុទ្ធគ្នា ទៅជាកន្លែងទេសចរណ៍ សេដ្ឋកិច្ច បង្កើនចំណូលជូនប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពធូរធារប្រសើរឡើង។
នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីបន្តការងារអភិវឌ្ឍ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សញ្ញាទេវតាបាចផ្កា មានលំដាប់លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកម្ពុជា បន្តមានសន្តិភាព និងបន្តការអភិវឌ្ឍន៍ កាន់តែសម្បូររុងរឿង។
ជាវប្បធម៌ចែករំលែក និងគិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយ និងថវិកាចែកជូនរួមមាន ៖
ទី១៖ ជូនប្រជាពលរដ្ឋ ចំនួន៤,០៨៦នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១
ទី២៖ ជូនមនុស្សចាស់ ពីអាយុ៧០ឆ្នាំ ឡើងនៅឃុំប្រាសាទ និងឃុំទឹកជោ ចំនួន២០០នាក់, ម្នាក់ៗ ទទួលបាន ថវិកា២ម៉ឺនរៀល ក្រមា១ សារ៉ុង១ បំពង់ទឹកក្ដៅ១ មី ពិល ទឹកដោះគោប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូតតែ ប្រេងឆា កៅអៀក -ល-
ទី៣៖ ជូនសាលាឃុំប្រាសាទ និងសាលាឃុំទឹកជោ ថវិកា១លានរៀល
ទី៤៖ ជូនមណ្ឌលសុខភាពទឹកជោ ថវិកា ៥០ម៉ឺនរៀល
ទី៥៖ ជូនវិទ្យាល័យទឹកជោ ថវិកា៥០ម៉ឺនរៀល
ទី៦៖ ផ្តល់ផ្លូវលំថ្មី ១ខ្សែចាក់ថ្មម៉ិច ប្រវែង២គីឡូម៉ែត្រ នៅក្នុងភូមិ ទន្លាប់ និងភូមិគោកកី ក្នុងឃុំទឹកជោ៕