(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយនារី ជាថ្នាក់ដឹកនាំ រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ ឈានទៅការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦។
នៅក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា រយៈពេល៣៩ឆ្នាំ នៃសករាជថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្នុងការការពារជាតិ និងការស្ដារកសាងប្រទេសជាតិឡើងវិញ ពីលេខសូន្យនៅក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ហើយថែមទាំងត្រូវគេហ៊ុមព័ទ្ធ ខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅ យ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែមទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យអង្គការចាត់តាំង របស់ខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨មក។
ទោះបីត្រូវឆ្លងកាត់ឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូក ក៏គណបក្សប្រជាជនកម្ពុជានូវរក្សាបាន និងការពារបាននូវបុព្វ ហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយទប់ស្កាត់បាននូវរបប ប៉ុល ពត មិនឲ្យត្រឡប់មកវិញជាលើកទី២ បានស្ដារ កសាងវិស័យ សេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃបាន។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឲ្យមានសន្ដិភាពឆ្ពោះ ទៅរកការអភិវឌ្ឍ ដើម្បីបម្រើប្រជាជនកសាង និងការពារប្រទេស ឲ្យបានធានាកំណើនសេដ្ឋកិច្ច និងរក្សាបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។
ជាពិសេសអ្វីដែលជាការពិត មិនអាចប្រកែកបាន គឺ «មរតកតេជោ» គឺជាសន្តិភាព ការបង្រួបបង្រួមជាតិ និងការកសាងសេដ្ឋកិច្ច ចេញពីភាពខ្ទេចខ្ទាំនៃភ្លើង សង្គ្រាមដែលបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែង របស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត និងរួមជាមួយប្រជាពលរដ្ឋផងដែរ។
លោកស្រី បានបញ្ជាក់ទៀតថា ជាកិត្ដិយសរបស់កម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចរបស់អង្គការ សហប្រជាជាតិសម្រាប់អាណត្តិ១ឆ្នាំ (២០១៩) ដោយសម្លេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការ សហប្រជាជាតិនៅទីក្រុងញ៉ូយក។ នេះជាជោគជ័យដ៏ធំធេងថ្មីមួយទៀត របស់កម្ពុជាក្នុងការលើក ស្ទួយកិត្តិយស និងកិត្យានុ ភាពជាតិនៅលើឆាកអន្តរជាតិ។
បន្ទាប់ពីកម្ពុជា ត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ធ្វើជាអនុប្រធាននៃសម័យអង្គប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ រួមជាមួយប្រទេសចំនួន១៥ផ្សេងទៀត និងប្រទេសសមាជិក អចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យមានការត្រៀមលក្ខណៈជានិច្ច ក្នុងការទប់ស្កាត់ និងការវាយបកនូវការបំភ្លើស ការបំប៉ោងសភាពការណ៍ និងការរំខានផ្សេងៗ របស់គណបក្សប្រឆាំងក្នុងការ រារាំងនូវដំណើរការនៃការបោះឆ្នោត៕