(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យពលរដ្ឋរួមគ្នា ថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវពលរដ្ឋឲ្យមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលាឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាកសាងឡើងដោយ លោក លី សុវណ្ណ ប្រធានក្រុមការងារ ចុះជួយឃុំទួលស្តី និងសមាជិកក្រុមការងារ ដែលចំណាយការសាងសង់ អស់ថវិកា៦៤,១៨៧ដុល្លារ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត១,០០០នាក់ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់ប្រជាពលរដ្ឋ។
បើតាមនាយឧត្តមសេនីយ៍ ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត តែក្នុងរយៈពេល៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុង កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបាន ផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្ថែមទៀតថា ការងារឥឡូវបានមកដល់គៀក និងផ្ទះសម្បែងហើយ នៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាល បានបង្កើតឲ្យមានរោងចក្រសហគ្រាសជាច្រើន កន្លែងអាចស្រូបយក កម្មករបានរាប់ម៉ឺននាក់ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត៕