(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកបន្ទាយមាស និងស្រុកទឹកឈូ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ទាំង២ស្រុកខាងលើ ប្រមាណ៨០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពជាតិ កំណើនសេដ្ឋកិច្ចជាតិ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំត្រឹមត្រូវ បានប្រែក្លាយគោលនយោបាយ គណបក្សប្រជាជនកម្ពុជា មកជាគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានក្រើនរំលឹក ដល់មន្ដ្រីគណបក្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់ការញុះញុង របស់ជនអតិមួយចំនួន ដែលមានបំណងចង់បំផ្លាញជាតិ៕