(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងផ្នែកច្បាប់ ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី “ការកំណត់សមត្ថកិច្ចតុលាការ” មកធ្វើការចែករំលែក តដូចតទៅ៖

នៅពេលដែលបញ្ហាវិវាទកើតឡើង ហើយភាគីមិនអាចរកដំណោះស្រាយតាមការចរចា ឬ ផ្សះផ្សារ ដែលតម្រូវឲ្យជ្រើសរើសយកការដោះស្រាយតាមប្រព័ន្ធតុលាការ តើតុលាការមួយណា ដែលភាគីត្រូវជ្រើសរើសសម្រាប់ដំណើរការរឿងក្តីរបស់ខ្លួន ? តុលាការដែលមានសមត្ថកិច្ច ក្នុងការដោះស្រាយរឿងក្តី គឺត្រូវបានកំណត់ដោយច្បាប់ ប៉ុន្តែ ច្បាប់ក៏បានផ្តល់សិទ្ធិជូនភាគី ក្នុងការជ្រើសរើសតុលាការផងដែរ ។
ខាងក្រោមនេះ គឺជាការបង្ហាញអំពីសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ ដែលត្រូវបានដកស្រង់ចេញពីលក្ខខណ្ឌផ្លូវច្បាប់ដែលមានបញ្ញត្តិក្នុងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

១៖ ការកំណត់សមត្ថកិច្ចតុលាការក្នុងរឿងក្តីរដ្ឋប្បវេណី៖

តើតុលាការរដ្ឋប្បវេណីត្រូវកំណត់សមត្ថកិច្ចយ៉ាងដូចម្តេច? យោងមាតា្រ៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានបញ្ញត្តិថា តុលាការដែលមានសមត្ថកិច្ច គឺជាតុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្តឹង ដើម្បីវិនិច្ឆ័យលើរឿងក្តី ហើយចេញសាលក្រម ឬសាលដីកាបាន។ ការកំណត់សមត្ថកិច្ចរបស់តុលាការរដ្ឋប្បវេណីត្រូវបែងចែកជាអាទិ៍៖

១.១. សមត្ថកិច្ចតាមលំនៅឋាន(មាត្រា៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ដើមចោទអាចដាក់ពាក្យបណ្តឹងទៅតុលាការដែលមានទីតាំងស្ថិតនៅលំនៅឋានរបស់ចុងចម្លើយ ប៉ុន្តែក្នុងករណីដែលចុងចម្លើយពុំមានលំនៅឋាន ឬមានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺផ្អែកលើទីសំណាក់ចុងក្រោយ (កន្លែងស្នាក់នៅចុងក្រោយ)។ ក្នុងករណីពុំមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដ គឺផ្អែកលើលំនៅឋានចុងក្រោយ។ ចំណែកការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលក្នុងប្រទេស (ក្រុមហ៊ុន/អង្គការ) ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាង ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បង បើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្ម។ ដោយទ្បែកចំពោះការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលបរទេស ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បងក្នុងព្រះរាជាណាចក្រកម្ពុជាបើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ។

១.២. សមត្ថកិច្ចតុលាការតាមរយៈទ្រព្យសម្បត្តិមានជាអាទិ៍ (មាត្រា៩នៃក្រមនីតិវិធីរដ្ឋប្បវេណី)៖

ក. តុលាការនៃកន្លែងដែលត្រូវអនុវត្តកាតព្វកិច្ច៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ច។
ខ. តុលាការនៃកន្លែងដែលត្រូវបង់ប្រាក់៖ ចំពោះបណ្តឹងទាមទារឲ្យបង់ប្រាក់។
គ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬកម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះបុគ្គលដែលមិនមានលំនៅឋាន ឬពុំមានលំនៅឋានពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា។
ឃ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬ កម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះនីតិបុគ្គល(ក្រុមហ៊ុនឬអង្គការ) ដែលមិនមានទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម ឬទីកន្លែងអាជីវកម្ម
មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា ។
ង. តុលាការនៃទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម៖ ចំពោះបណ្តឹងលើបុគ្គលដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មដែលទាក់ទងនឹងសកម្មភាពការងាររបស់ទីស្នាក់ការ ឬទីកន្លែងអាជីវកម្មនោះ ។
ច. តុលាការនៃកន្លែងដែលអំពើអនីត្យានុកូលកើតឡើង៖ ចំពោះបណ្តឹងទាក់ទងនឹងអំពើអនីត្យានុកូល។
ឆ. តុលាការនៃកន្លែងដែលអចលនវត្ថុស្ថិតនៅ៖ ចំពោះបណ្តឹងទាក់ទងនិងអចលនវត្ថុ។
ជ.តុលាការនៃកន្លែងដែលត្រូវចុះបញ្ជី៖ ចំពោះបណ្តឹងទាក់ទងនឹងការចុះបញ្ជី ។
ឈ.តុលាការនៃលំនៅឋានរបស់មរតកជន នៅពេលសន្តិកម្មត្រូវចាប់ផ្តើម ឬ ទីសំណាក់ (ក្នុងករណីមរតកជនមិនមានលំនៅឋានក្នុងព្រះរាជាចក្រកម្ពុជា ឬមិនមានលំនៅឋានពិតប្រាកដ) ឬលំនៅឋានចុងក្រោយ (បើមរតកជនមិនមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំពោះបណ្តឹងទាក់ទងនឹងមរតក។
ក្នុងករណីមានតុលាការច្រើនមានសមត្ថកិច្ចធ្វើការសម្រេចសេចក្តី ភាគីអាចជ្រើសរើសតុលាការមួយក្នុងចំណោមតុលាការ ដែលមានសមត្ថកិច្ចដោយផ្អែកលើកត្តាសេដ្ឋកិច្ច ឬភាពងាយស្រួលក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោយពេលសម្រេចសេចក្តី។

១.៣. សមត្ថកិច្ចតុលាការបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ដែលជាប្រភេទរឿងក្តីពាក់ព័ន្ធនឹងញាតិ (មាត្រា១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី)

បណ្តឹងទាក់ទងនឹងឋានៈបុគ្គលមានជាអាទិ៍ បណ្តឹងសុំលែងលះ និងបណ្តឹងសុំបញ្ជាក់អត្ថិភាព ឬនត្ថិភាពនៃបុត្តភាព (ក្រសែញាតិដែលទាក់ទងពីឪពុកម្តាយទៅកូនបង្កើតរបស់ខ្លួន) ត្រូវស្ថិតក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការនៃលំនៅឋាន របស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គល ដែលពាក់ព័ន្ធនឹងបណ្តឹងនោះ ឬលំនៅឋាននាពេលដែលភាគីនោះទទួលមរណភាព។

១.៤. សមត្ថកិច្ចតុលាការដែលមានរឿងក្តីមានការទាមទារច្រើនចំណុច (មាត្រា១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ចំពោះបណ្តឹងដែលមានកម្មវត្ថុនៃការទាមទារច្រើនចំណុចហើយស្ថិតនៅកន្លែងផ្សេងគ្នា ដើមចោទមានសិទ្ធិជ្រើសរើសប្តឹងតុលាការមួយណាក៏បានដោយបញ្ចូល ការទាមទារផ្សេងទៀតជាមួយគ្នា។

១.៥. សមត្ថកិច្ចតុលាការតាមរយៈការព្រមព្រៀង (មាត្រា១៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ភាគីសងខាងនៃបណ្តឹងអាចព្រមព្រៀងគ្នាជាលាយល័ក្ខអក្សរក្នុងការជ្រើសរើសតុលាការដែលខ្លួនចង់ឲ្យធ្វើការវិនិច្ឆ័យរឿងក្តីរបស់ខ្លួន ប៉ុន្តែការព្រមព្រៀងនេះអាចត្រូវបានទទួលស្គាល់លុះត្រាតែ ធ្វើឡើងរវាងពាណិជ្ជករនិងពាណិជ្ជករ ឬនីតិបុគ្គល និងនីតិបុគ្គល ឬពាណិជ្ជករនិងនីតិបុគ្គល (ព្រមព្រៀងបានតែការជំនុំជម្រះលើកទី១ប៉ុណ្ណោះ)។

១.៦. សមត្ថកិច្ចតុលាការដែលកើតឡើងដោយគ្មានការតវ៉ាពីចុងចម្លើយ (មាត្រា១៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ក្នុងករណីដែលចុងចម្លើយមិនបានធ្វើសកម្មភាពតវ៉ាលើសមត្ថកិច្ចតុលាការដែលភាគីដើមបណ្តឹងបានដាក់ នោះតុលាការដែលទទួលពាក្យបណ្តឹងនោះនឹងក្លាយជាតុលាការមានសមត្ថកិច្ច បន្ទាប់ពីចុងចម្លើយបានធ្វើសេចក្តីដោះសារអំពីអង្គសេចក្តី នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬបានឆ្លើយទាញហេតុផលអំពីអង្គសេចក្តីនៅក្នុងការទាញហេតុផលផ្ទាល់មាត់រួចហើយ ។

តុលាការកំពូលត្រូវកំណត់សមត្ថកិច្ច ក្នុងករណីដែលតុលាការមានសមត្ថកិច្ចមិនអាចអនុវត្តនូវសិទ្ធិដោយសារច្បាប់ ឬ ហេតុការពិត ឬ ដែនសមត្ថកិច្ចតុលាការមិនពិតប្រាកដ ដោយដីកាសម្រេចតាមពាក្យសុំរបស់ភាគី ។

២. សមត្ថកិច្ចតុលាការក្នុងរឿងក្តីព្រហ្មទណ្ឌ (មាត្រា៣៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ៖
ចំពោះរឿងក្តីព្រហ្មទណ្ឌ ជនរងគ្រោះ ឬ ភាគីពាក់ព័ន្ធអាចធ្វើការដាក់ពាក្យបណ្តឹងនៅ៖
២.១. តុលាការ (អយ្យការអមសាលាដំបូង) នៃកន្លែងដែលមានការប្រព្រឹត្តបទល្មើស
២.២. តុលាការ (អយ្យការអមសាលាដំបូង) នៃលំនៅរបស់ជនដែលត្រូវគេសង្ស័យថា បានប្រព្រឹត្តបទល្មើស
២.៣. តុលាការ (អយ្យការអមសាលាដំបូង) នៃទីកន្លែងចាប់ខ្លួនជនដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើស។

រៀបចំដោយលោកមេធាវី ម៉េង វណ្ណីសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងលោក ថន យូសៀង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយច្បាប់៕