(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃអាទិត្យនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យគណបក្សនយោបាយ និងបេក្ខជនទាំងអស់ ចៀសវាងប្រើពាក្យអសុរោះជេរបញ្ចោរគ្នា ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្សឬបេក្ខជននៃគណបក្សដទៃឡើយ»

នៅសល់តែ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់ ហើយនៅថ្ងៃទី០៧ កក្កដាខែក្រោយនេះ ការឃោសនារកសំឡេងបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស ដោយមានគណបក្សចំនួន២០ បើកយុទ្ធនាការជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍ។ សម្តេចបានថ្លែងថា «ដើម្បីធានាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០»

សម្តេចបានថ្លែងបន្តថា «ខ្ញុំសន្យានឹងនៅជាមួយជនរួមជាតិ និងកូនក្មួយយ៉ាងហោចណាស់ ១០ឆ្នាំទៅមុខទៀត!»

បា