(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ជាក់ស្ដែងពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាកលេខលើ៥គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ, ស្រុកព្រៃនប់ ១គោលដៅ និងស្រុកំពង់សីលា ១គោលដៅ)។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលពិនិត្យឃើញមធ្យោបាយល្មើសចំនួន៥៣គ្រឿង ក្នុងនោះរថយន្ត១៣គ្រឿង៖
*ពិន័យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូមិនពាក់មួក បានចំនួន៣៧គ្រឿង។
*ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន៣គ្រឿង។
*ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង។
*ពិន័យរថយន្តបិទកញ្ចក់ខ្មៅ ៤គ្រឿង។
*ជនជាតិចិនបើកបររថយន្តមិនមានប័ណ្ណបើកបរ ចំនួន៣គ្រឿង (ពិន័យ១គ្រឿង តាមអនក្រឹត្យលេខ៤៤) និង២គ្រឿងទៀត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី៕