(ភ្នំពេញ)៖ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ កម្មវិធីប្រកួតសម្តែងមតិ និងវោហាសព្ទឆ្នើម The Perspectives Cambodia រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈកម្មការវាយតម្លៃប្រកួត បានប្រកាសជាផ្លូវការនូវក្រុម និងបេក្ខជនដែលទទួលបានជ័យលាភី។ ក្រុមទាំងពីរ និងបេក្ខជននីមួយៗ បានបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត ដែលពោរពេញទៅដោយទេពកោសល្យ ដើម្បីយកសម្លេងឆ្នោតពីទស្សនិកជន និងគណៈកម្មការវាយតម្លៃ។

វគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ដែលមានការចាប់អារម្មណ៍យ៉ាងច្រើនពីនិស្សិតកម្ពុជា ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាធាតុដ៏ចម្បងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាឥស្សរជនឆ្នើមតែមួយគត់របស់កម្ពុជា។

ការប្រកួតពិភាក្សាដេញដោលសម្តែងមតិនេះ ជយលាភីលេខ១ បានទៅលើក្រុមចក្ខុញ្ញាណវឌ្ឍ ដោយទទួលបានទឹកប្រាក់ចំនួន ៧,៥០០,០០០រៀល ហើយម្នាក់ៗទទួលបានមេដាយមាស១គ្រឿង ពាន១ កុំព្យូទ័រ ១គ្រឿង និងលិខិតសរសើរ ១សន្លឹក។

ចំពោះជ័យលាភីលេខ២ បានទៅលើក្រុមខេរមកុលរក្សវិទូ ដោយទទួលទឹកប្រាក់ចំនួន ៥លានរៀល ហើយម្នាក់ៗទទួលបានមេដាយមាស ១គ្រឿង ពាន១រង្វាន់ កុំព្យូទ័រ១គ្រឿង និងលិខិតសរសើរ ១សន្លឹកផងដែរ។

ដោយឡែកការប្រកួតនិយាយជាសាធារណៈ ជ័យលាភីវោហាសព្ទឆ្នើម បានទៅលើបេក្ខជនឈ្មោះ ស៊ុយ លីនប៉ាវ ដែលមកពីក្រុមចក្ខុញ្ញាណវឌ្ឍដដែល ដោយទទួលបានទឹកប្រាក់បន្ថែមចំនួន ១លានរៀល មេដាយមាស ១គ្រឿង ដែលរង្វាន់ទាំងអស់នេះ ត្រូវបានប្រគល់ដោយលោក ហ៊ុន ម៉ានី ផ្ទាល់តែម្តង។

មុននឹងបើកកម្មវិធីប្រកួត លោក ហួរ តុលា ស្ថាបនិកកម្មវិធីនេះ បានថ្លែងថា ក្នុងស្មារតីឆន្ទៈរួមគ្នា The Perspectives Cambodia បានកំណត់យកគុណតម្លៃចំនួន៤ សម្រាប់អនុវត្តន៍ជារួមទាំងអស់គ្នាគឺ៖ សីលធម៌ ការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងសាមគ្គីភាព។

លោកបន្តថា គុណតម្លៃទាំង៤នេះ គឺជាបន្ទាត់សម្រាប់ចង្អុលបង្ហាញផ្លូវយុវជនកម្ពុជា ក្នុងការកសាងសមត្ថភាព និងភាពថ្លៃថ្នូរ បង្កើតភាពជាគម្រូ និងកសាងគ្រួសារ សហគមន៍រួមមួយ ពោរពេញដោយសីលធម៌ ការគោរពស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់ ចំពោះអនាគតខ្លួន និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ លោក ហង់ ជួន ណារ៉ុន និងលោក ហ៊ុន ម៉ានី បានលើកឡើងស្រដៀងគ្នា ដោយបានគាំទ្រចំពោះកម្មវិធីនេះយ៉ាងខ្លាំង និងបានជំរុញឲ្យយុវជនទាំងអស់ខិតខំបន្ថែមទៀត ដើម្បីជួយជ្រោមជ្រែងប្រទេសជាតិយើង។
លោកទាំងពីរបានចាត់ទុកកម្មវិធីនេះ ជាកម្មវិធីដ៏សំខាន់មួយសម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់ពីការរស់នៅជាក់ស្តែង ដោយបានបង្រៀនឲ្យពួកគេចេះដោះស្រាយបញ្ហាចំពោះមុខ និងប្រឹងជម្នះរាល់ឧបសគ្គនានា ដែលជាផ្លូវទៅរកភាពជោគជ័យ។

សូមជម្រាបថា កម្មវិធី The Perspectives Cambodia ជាវេទិកាសង្គមមួយដែលបណ្តុះស្មារតីសាមគ្គីភាព និងមានគំនិតវិជ្ជមានក្នុងសង្គម  ដើម្បីឲ្យយុវជនអាចរស់នៅជាមួយគ្នា ក្នុងភាពផ្សេងគ្នា និងចម្រុះគ្នានៃគំនិត និងការយល់ឃើញប្រកបដោយសីលធម៌ គុណធម៌ និងការទទួលខុសត្រូវ។

រដូវកាលទី២នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ដែលគិតមកដល់ពេលនេះ មានរយៈពេល៦ខែ។ រដូវកាលនេះដែរ មានបេក្ខភាពចំនួន ៩៩៨នាក់ដែលបានដាក់ពាក្យប្រកួត ដែលក្នុងនោះកម្មវិធី បានជ្រើសរើសយកយុវជនឆ្នើមចំនួន ៨០នាក់ ស្នើនឹង១៦ក្រុម ខណៈដែលមានគ្រូបង្វឹកចំនួន ៣២នាក់ ដើម្បីដណ្តើមយកមេដាយមាសប្រចាំឆ្នាំ ២០១៨នេះ៕