(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ មាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដំណើរការជាផ្លូវការ សមាគមមូលនិធិវ៉ាយ អិល ភី (Y.L.P)។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលនដឹកនាំដោយសម្តេចជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមទាំងស្រុង ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ហើយសន្តិភាពនេះកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ អតីតយុទ្ធជនយកអាយុជិវិតទៅប្តូរ ដូចនេះសុខទុក្ខរបស់ពួកគាត់ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាដោះស្រាយ ហើយការជួបជុំគ្នាថ្ងៃនេះដើម្បីប្រមូលផ្តុំនូវកំលាំងសាមគ្គីមនុស្សធម៌។
ការជួបជុំក្នុងរាត្រីនោះ មូលនិធិវ៉ាយ អិល ភី (Y.L.P) ប្រមូលបានថវិកាសរុបប្រមាណ ១ពាន់លានរៀល ស្មើប្រមាណ២៥ម៉ឺនដុល្លារ ដែលបានមកពីសមាជិកទាំងបីប្រភេទគឺ៖ សមាជិកស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី៣០០០ដុល្លារឡើងទៅ, សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី៥០០ដុល្លារឡើងទៅ និងសមាជិកគាំទ្រ គឺជាសមាជិកដែលត្រូចូលរួមវិភាគទានចាប់ពី១ម៉ឺនរៀលឡើងទៅ។ ការចូលរួមជាសមាជិកមូលនិធិនេះ នឹងបន្តដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា មូលនិធិវ៉ាយ អិល ភី (Y.L.P) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងជួយទ្រទ្រង់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋជូបការលំបាកងាយរងគ្រោះក្នុងខេត្ត និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលាជាមួយអាជ្ញាធរមូលដ្ឋាន៕