(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំប្រឡងជ្រើសរើសសិក្ខាកាមចូលរៀន វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី១៩ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន៦៨នាក់ ក្នុងស្រីចំនួន១៦នាក់។

ការប្រឡងនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) រាជធានីភ្នំពេញ ដែលជាសាកលវិទ្យាល័យទទួលបានការឯកភាពឲ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ខាងលើ ពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន ៧ ភាសា រួមមាន៖ ១) ភាសាអង់គ្លេស ២) ភាសាចិន ៣) ភាសាកូរ៉េ ៤) ភាសាជប៉ុន ៥)ភាសាវៀតណាម ៦) ភាសាអាឡឺម៉ង់  និង៧) ភាសាបារាំង។

សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេស ក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំងពីរ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។ បន្ទាប់ពីសិក្សាប្រកបដោយជោគជ័យ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត។

ការប្រឡងវិញ្ញាសាសរសេរខាងលើ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធ ផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។

សូមរំលឹកផងដែរថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ៥,០០០នាក់ ហើយដើម្បីឆ្លើយតបនឹងកំណើនទេសចរប្រមាណជាង៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ១ម៉ឺននាក់។

បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន ១លាននាក់, ឆ្នាំ២០២៥ ប្រមាណ ១,២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ២លាននាក់។

នេះជាលើកទី២ ដែលក្រសួងទេសចរណ៍បានឯកភាពតាមសំណើសុំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ៕