(ត្បូងឃ្មុំ)៖ ឆ្លៀតពេលទំនេរពីការងាររាជការដ៏មមាញឹក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពង្រឹងសកម្មភាពបក្សជាមួយសមាជិក-សមាជិកាបក្សមកពីភូមិចំនួន៤ នៅឃុំទួលសូភី ស្រុកអូររាំងឪ ព្រមទាំងបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារផងដែរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ លោក តាំង ម៉េងរ៉ាត់ ប្រធានក្រុមការងារយុវជនគណបក្សស្រុក លោក លី អ៊ាមឡាក់ និងលោក វ៉ា ចាន់ថេត អនុប្រធានក្រុមការងារចុះជួយឃុំទួលសូភី ព្រមទាំងអនុប្រធានសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក គណៈកម្មការគណបក្សស្រុក និងគណបក្សឃុំទួលសូភី សរុបប្រមាណ៨០០នាក់។
ក្នុងឱកាសនោះ លោក សាយ សំអាល់ ក៏បានឧបត្ថម្ភថវិកាជូនសមាជិក-សមាជិកាបក្សដែលអញ្ជើញមកពីភូមិទាំង៤ខាងលើ ក្នុងម្នាក់ចំនួន ២០,០០០រៀលផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយសមាជិកបក្សរួចមក លោក សាយ សំអាល់ ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត តាមរយៈក្រុមការងារជនបង្គោលស្រុកអូររាំងឪ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅឃុំទួលសូភី ក្នុងនោះរួមមាន៖ នៅភូមិថ្មីសែនជ័យចំនួន ១គ្រួសារ និងនៅភូមិ៥៤ ចំនួន១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ក្រមា ១ ប្រេងកូឡាតាប៉ិ២ដប ជាមួយនឹងថវិកាចំនួន ៧០,០០០រៀល៕