(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ធ្លាប់មានប្រវត្តិជួបគ្នាទល់នឹងទុយនេស៊ី ៣ដង ដោយធ្លាប់ឈ្នះ១ដង ស្មើ១ដង និងចាញ់ ១ដងដូចគ្នា មុនប៉ះគ្នាជាលើកទី៤ នាម៉ោង ៧យប់នេះវគ្គសន្សំពិន្ទុនៃពូល G នៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ប្រវត្តិជួបគ្នា ៣ដង ក្រុមកំពុងឡើងជើងខ្លាំងប៊ែលហ្ស៊ិក ធ្លាប់ឈ្នះទុយនេស៊ីតែម្តងគត់ ដោយលទ្ធផល ១-០ កាលពីក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១៤ និងស្មើ ១-១ កាលពី World Cup 2002 នៅកូរ៉េខាងត្បូង និងជប៉ុន ក្រោយពេលចាញ់ ២-១ កាលពីឆ្នាំ១៩៩២ ក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងនាមជាក្រុមដែលមិនធ្លាប់ឈ្នះជើងឯក និងរងជើងឯកពានធំនេះដូចគ្នា។
ក្រុមនៅទ្វីបអឺរ៉ុប ប៊ែលហ្ស៊ិក កំពុងឈរនៅកំពូលតារាងនៃពូល G ជាបណ្តោះអាសន្ន ក្រោយរកបាន ៣ពិន្ទុពេញនៅថ្ងៃ បើកឆាក ដោយបានបំបាក់ក្រុមមកពីតំបន់អាមេរិកខាងជើង ប៉ាណាម៉ា ៣-០ មុនពេលអតីតម្ចាស់ជើងឯក World Cup 1966 អង់គ្លេសឈរនៅលេខ២ បន្ទាប់ពីយកឈ្នះទុយនេស៊ី ២-១ នៅនាទីចុងម៉ោងនោះ៕