(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពស្ថេរភាពពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាង ទៅឲ្យប្រជាពលរដ្ឋ។ រដ្ឋមន្ត្រី វង សូត បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើង ត្រូវតែរួបរួមគ្នាថែរក្សាវាអោយបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបាន ភ្លក្សហើយ នូវរសជាតិសង្គ្រាមកាលពីអតីត កាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែ អាចបញ្ចប់សង្គ្រាម បាន កាលពីឆ្នាំ១៩៩៨។
លោក ក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់អ្នកសង្កេតការណ៍ទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងខណៈលោកអញ្ជើញចូលរួម សំណេះសំណាលជាមួយអ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៤៦៨នាក់ និងលោកគ្រូ អ្នកគ្រូ វគ្គបំប៉នសិស្សត្រៀមប្រលងបាក់ឌុបឆ្នាំ២០១៨ ចំនួន២០នាក់ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅថ្ងៃទី២៩ កក្កដា ២០១៨ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន ត្រឹមត្រូវតាមច្បាប់នោះ ទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ទទាំងអស់រួមសហការ អនុវត្តឱ្យបានត្រឹមត្រូវនូវរាល់ច្បាប់ បទបញ្ជា និងនិតិវិធីណែនាំនានាដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប) បានកំណត់។
រដ្ឋមន្រ្តី វង សូត ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់ប្រមែប្រមូលបងប្អូន សាច់ញាតិ ក្រុមគ្រួសារទៅបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបាន គ្រប់ៗគ្នា ដើម្បីបង្ហាញពីសិទ្ធក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរនិងប្រើសិទ្ធផ្ទាល់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសដែលបងប្អូនគិតថាជាអ្នកដឹកនាំល្អនាំប្រទេសទៅរកសុខសន្តិភាពការអភិវឌ្ឍនិងវិបុលភាពនិងបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ លោក វង សូត ក៍បានផ្តល់ថវិកា ឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូ វគ្គបំប៉នសិស្សត្រៀមប្រលងបាក់ឌុបឆ្នាំ២០១៨ ចំនួន២០នាក់ និង អ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤៦៨នាក់ សម្រាប់ក្របខណ្ឌនៃស្រុកពញាក្រែកផងដែរ៕