(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរាងាយរងគ្រោះ ចំនួន៣៥គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានទទួលអំណោយជាអង្ករ និងថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។
ថ្លែងក្នុងឱកាសនោះ លោក ជា ពិសី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋគ្រប់រូប គឺមិនត្រូវបានស្លាប់ដោយអត់បាយឡើយ លុះត្រាតែអាជ្ញាធរមិនទទួលបាន សេចក្ដីរាយការណ៍ណាមួយប៉ុណ្ណោះ ពីអាជ្ញាធរថ្នាក់មូលដ្ឋាន ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដាំហើយផ្ដាំទៀតឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់ពូសសាស ពណ៌សម្បុរ ឬនិន្នាការឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីខ្មែរ។
ជាមួយគ្នានោះ លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូបមានវ័យ១៨ឆ្នាំឡើងទៅ ត្រូវបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងដើម្បីមានឱកាសសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ជា ពិសី បានគូសបញ្ចាក់ថា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងដ៏ល្អងាយស្រួលចាំ, ស្រួលគិត, ស្រួលគូស ហើយក៏ជាលេខរៀងចុងក្រោយគេបំផុត មានរូបស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាពិសេសលេខរៀងទី២០ គឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕