(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះអប់រំណែនាំ និងបើកថ្នាំព្យាបាលផ្តាច់សារធាតុញៀន ដល់បណ្តាអ្នកបើកបរ ព្រូឡាន ដឹកអ្នកដំណើរ ដែលមានសារធាតុគ្រឿងញៀនខុសច្បាប់ ក្នុងមូលដ្ឋានខេត្តកំពង់ចាម ចំនួន២០នាក់។
ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានណែនាំថា ការប្រើប្រាស់គ្រឿងញៀន គឺជាអំពើខុសច្បាប់ ប៉ុន្តែក្នុងអំឡុង នៃយុទ្ធនាការលើកទី៣នេះ គណៈបញ្ជាការឯកភាព បានសម្រេចឯកភាព គឺត្រឹមតែឃាត់ណែនាំអប់រំ រួចធ្វើសាវតាឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុញៀន ប្រសិនបើនៅតែប្រព្រឹត្តតទៅទៀត គឺត្រូវធ្វើតាមនិតិវិធីរបស់ច្បាប់ ដោយមិនមានការលើកលែងឡើយ។
នៅចំពោះមុខក្រុមគ្រួសាររបស់អ្នកបើកបរ ព្រូឡានទាំងនោះ លោក គួច ចំរើន បានក្រើនរំលឹក ដាស់តឿន សូមកុំបន្តប្រើប្រាស់គ្រឿងញៀន ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា ខូចកិត្តិយសក្រុមគ្រួសារ ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ។
ជាពិសេសសារធាតុទាំងនោះ ធ្វើឲ្យប៉ះពាល់ ដល់កូនរបស់ខ្លួនផងដែរ ដូច្នេះហើយសូមប្រញាប់រួសរានទៅព្យាបាល ដោយទៅយកថ្នាំពីបណ្តាមូលដ្ឋាន សុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះដោយឥតគិតថ្លៃ ហើយបន្តមកលោកគ្រូពេទ្យចិត្តសាស្ត្រ បានពន្យល់បន្ថែមពី ឥទ្ធិពលអវិជ្ជមាន នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងរបៀបប្រើប្រាស់ថ្នាំលេបផ្តាច់សារធាតុញៀន ជូនអ្នកបើកបរ ព្រូឡានទាំង២០នាក់ រួមទាំងបានចែកជូនថ្នាំព្យាបាល បន្សាបគឿងញៀនផងដែរ។
ដោយអនុវត្តវិធានការច្បាប់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាសម្រេច អនុញ្ញាតឲ្យទៅព្យាបាលស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំពោះមុខសញ្ញា ចំនួន១១នាក់ (ព្រូរថយន្ត០៤នាក់ និងកម្មករ០៧នាក់)។ ដោយឡែកចំពោះមុខសញ្ញា អ្នកបើកបររថយន្តចំនួន០៩នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។
គួររំលឹកថា ក្រោយពីការដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យ អ្នកបើកបរ ព្រូឡាន រថយន្តដឹកទំនិញរថយន្តដឹកអ្នកដំណើរ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ជើងគោក និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ចុះរដ្ឋបាលចំហរ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត៧៦គ្រឿង ធ្វើតេស្តសរុបបានចំនួន១៦៧នាក់ ក្នុងនោះអ្នកបើកបរចំនួន៧៦នាក់, ព្រូ៥៦នាក់ និងកម្មករ៣៥ ជាលទ្ធផលធ្វេតេស្តវិជ្ជមានចំនួន២០នាក់៕