(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា និងលោកស្រី ព្រមទាំងសហការី នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រគល់ផ្ទះចំនួន២ខ្នង និងចែកជំនួយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក ស្ថិតនៅឃុំតំាងក្រសំាង និងឃុំកកោះ ចំនួន១០២គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក សុខ លូ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទី «ទីណាដែលបងប្អូនជួបនូវទុក្ខលំបាក ទីនោះសម្តេចតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច»។
បើតាមលោក សុខ លូ ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចប់ខ្ចួន។
សូមបញ្ជាក់ថា ការប្រគល់ផ្ទះនេះ គឺជាផ្ទះទី៥៩ ដែលមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តាមុខ១ជ្រុង ជញ្ជាំងសង្ក័សី៣ជ្រុង ប្រគល់ជូនគ្រួសារទីទ័លក្រ ប្តីឈ្មោះ ឈិន ទិន អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ ប្រាក់ ពៅ អាយុ ៥៣ឆ្នាំ។
ចំណែកឯ ផ្ទះទី៦០ ប្រគល់ជូនគ្រួសារទីទ័លក្រ ប្តីឈ្មោះ ពៅ ណាត អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ ឯម សំអាត អាយុ៣៦ឆ្នាំ មានកូន៥នាក់ ផ្ទះទាំងពីរនេះឃុំតាំងក្រសាំង និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងចែកអំណោយមនុស្សធម៌ ចំនួន១០២គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ត្រីខ១០កំប៉ុង, មី១កេស, មុង១, ភួយ១, សារ៉ុង១, ក្រម៉ា១ និងរទេះសម្រាប់ជនពិការ៣គ្រឿង៕