(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា យោងតាមប្រសាសន៍ណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានផ្តល់អនុសាសន៍ឲ្យមន្ទីរសុខាភិបាល តាមរាជធានី ខេត្តបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមទីតាំងរៀងៗខ្លួន។
ប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្ថែមទៀតថា ក៏ដូចជាប្រសាសន៍ណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការដឹកនាំ ដោយលោក ស៊ូ សេរី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកត្បែងមានជ័យ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅភូមិឃុំខាងលើ។
លោក គួង ឡូ បានបន្តថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សរុប៣៧៥នាក់ ស្មើនិង៤២០ករណី។ ដោយក្នុងនោះ ព្យាបាលជំងឺ ផ្នែកកុមារ១៥៧ករណី ផ្នែកជំងឺទូទៅ១៧៧ករណី ផ្នែកមាត់ធ្មេញ១៥ករណី ផ្នែកសម្ភពរោគស្ត្រី៣១ករណី ផ្នែកចក្ខុ១១ករណី ផ្នែកវះកាត់ តូច៦ករណី និងផ្នែកអេកូសាស្ត្រចំនួន៣០ករណីផងដែរ។
លោកបញ្ជាក់ជាចុងក្រោយថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្ត និងចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមតំបន់ដាច់ស្រយ៉ាល នៅលើកក្រោយៗ ជាបន្តទៅទៀត៕