(ក្រចេះ)៖ នគរបាលជំនាញព្រហ្មទណ្ឌ ស្រុកស្នួល បានទទួលពាក្យបណ្តឹង ក៏សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល២ធ្នូ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាក់ ម៉េងទ្រី អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនសង្ស័យ ទី១៖ ឈ្មោះ ជីវ ជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យទី២៖ ឈ្មោះ ឡេង សាវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅភូមិល្មូត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោកបានបន្តថា ជនរងគ្រោះ និងមិត្តភក្តិ៧នាក់ទៀត បានជិះម៉ូតូ២គ្រឿង ចេញមកពីមើលខនស៊ឺតនៅមុខតារាងបាល់ស្រុកស្នួល លុះពេលជិះទៅដល់ចំណុចក្បែរ ភោជនីយដ្ឋានវិមានទិព្វ២ធ្នូ ឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ នាវេលាម៉ោងជាង១១យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានជនសង្ស័យចំនួន៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង បានជិះដេញវាយ មកលើជនរងគ្រោះ និងមិត្តភក្តិ តែត្រូវមិត្តភក្តិ ជនរងគ្រោះរត់គេចខ្លួនទាន់។
ប៉ុន្តែជនរងគ្រោះ រត់គេចខ្លួនមិនទាន់ ត្រូវបានក្រុមជនសង្ស័យ វាយមកលើជនរងគ្រោះ រងរបួសជាច្រើនកន្លែង បន្ទាប់មកក្រុមជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ហើយមានម្នាក់ ក្នុងចំណោមជនសង្ស័យទាំងនោះ បានជ្រុះទូរស័ព្ទមួយគ្រឿង នៅកន្លែងកើតហេតុ ពេលធ្វើសកម្មភាព។
លុះមកដល់ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹង ក៏បានសហការជាមួយកម្លាំងប៉ុស្ដិ៍ ឃុំ២ធ្នូ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ ជីវ ជាតិ និងទី២៖ ឡេង សាវ័ន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិត និង ដែកបំពង់ទីប វាយលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល រីឯបក្សពួកចំនួនពីរនាក់ទៀត (មិនទាន់កំណត់អត្តសញ្ញាណបាន) បានរត់គេចខ្លួន ហើយកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនីតិវិធីច្បាប់៕