(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បងប្អូនអតីតសមាជិកគណបក្សប្រឆាំង ចំនួន៨៥នាក់ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ពិធីបញ្ចូលពួកគាត់ ជាសមាជិកគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ ធ្វើឡើងក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង និងក្រុមការងារជាច្រើនរូប។
លោក ពឹង ទ្រីដា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនសមាជិកបក្សថ្មីទាំង៨៥រូប ដែលបានសុំមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញនៅពេលនេះ។ លោក ពឹង ទ្រីដា ក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារផងដែរ។
លោកបានបញ្ជាក់ថា ការវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ របស់បងប្អូនទាំង៨៥នាក់នៅពេលនេះ គឺពិតជាមានសារសំខាន់ណាស់ ព្រោះយើងបានរួមគ្នា ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសជាតិយើង ឲ្យទទួលសុខសន្តិភាព និងកាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត។
លោកថា ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅក្រោមគេ។
ស្ថិតក្នុងបរិយាកាស ដ៍សែនរីករាយនេះ លោក ពឹង ទ្រីដា ក៏បានរៀបចំនូវកម្មវិធីជប់លៀងហូបនំបញ្ចុករួមគ្នា និងបានចែកអំណោយសារ៉ុង ដែលជាអំណោយរបស់លោក អ៊ុន ចាន់ដា ជូនសមាជិក ដែលបានចូលរួមក្នុងម្នាក់ៗ បានសារ៉ុងមួយផងដែរ៕