(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ បានបង្ហាញពីមោទនភាព ចំពោះក្រុមហ៊ុនរបស់ខ្មែរ ដែលមិនបានយកទុនទៅវិនិយោគនៅក្រៅប្រទេស ហើយប្រឹងប្រែងវិនិយោគក្នុងប្រទេស។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) របស់លោកឧកញ៉ា លីយ៉ុង ផាត់ នូវទឹកប្រាក់ជាង១០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានមោទនភាព ជាមួយក្រុមហ៊ុននៅក្នុងស្រុក ដែលជាក្រុមហ៊ុនមិនបាននាំទុនទៅក្រៅប្រទេសទេ តែខិតខំរកស៊ីនៅក្នុងប្រទេស ហើយវិនិយោគហើយ វិនិយោគទៀត ប្រាក់ចំណេញដែលគេបានទទួល គឺនៅក្នុងស្រុកទាំងអស់ [.....] ចំណុចនេះ ហើយដែលមានស្ថានភាពខុសគ្នាកាលពីអតីតកាល»។
សម្តេចបានមានប្រសាសន៍បន្តថា កាលពីអតីតកាលប្រទេសកម្ពុជា នៅក្រីក្រ ក៏ប៉ុន្តែអ្នកមានប្រាក់កាកមួយចំនួនបាននាំប្រាក់កាក របស់ខ្លួនទៅវិនិយោគ នៅក្រៅប្រទេសទៅវិញ។ ត្រង់នេះ ហើយដែលយើងបានពិនិត្យឃើញថា អ្នកដែលមានប្រាក់កាលពីជំនាន់មុន បែរជាយកប្រាក់ទាំងនោះទៅតម្កល់នៅធនាគារ ប្រទេសស្វីស ទៅតម្កល់នៅធនាគារ នៅប្រទេសបារាំង ទៅទិញផ្ទះនៅបារាំង នៅអង់គ្លេស និងបរទេសនានា ជាច្រើនណាស់។ ដូច្នេះ ពួកគេបានយកប្រាក់ពីកម្ពុជា ទៅវិនិយោគនៅក្រៅប្រទេសវិញ។ ប៉ុន្តែក្រោយពីដួលរំលំរបប ប្រល័យពូជសាសន៍ «ប៉ុល ពត» រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តជនជាតិខ្មែររបស់យើងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីនាំមកទុនពីក្រៅប្រទេស និងចំណេះរបស់ខ្លួនពីបរទេសត្រឡប់ចូលមកក្នុងប្រទេសវិញ ដើម្បីធ្វើការវិនិយោគផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ស្ថានភាពបែបនេះ វាបានកើតឡើងនៅក្នុងប្រទេសកម្ពជា នៅក្នុងរយៈពេល ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ដែលបានធ្វើឱ្យអ្នករកស៊ីនៅក្នុងស្រុកមានលទ្ធភាពរកស៊ីតាំងពីតូចតាច រហូតបានក្លាយទៅការសន្សំបានប្រាក់កាកនេះ នឹងបានយកថវិកានេះ ដើម្បីបង្កើតលុយ ដែលធ្វើឱ្យកម្ពុជា មានការរីកលូតលាស់យ៉ាងខ្លាំងលើវិស័យឯជន នៅក្នុងស្រុកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា រហូតដល់ពេលដែលកម្ពុជា ទៅប្រជុំនៅក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ ក្នុងក្របខណ្ឌ អ៊ិចម៉ិច ឬ CLMV យើងមិនមានការអត់ថយជាងប្រទេសដទៃទេ ហើយធុរកិច្ចរបស់កម្ពុជា ក៏បានទៅចរចាស្មើរមុខ ស្មើរមាត់ជាមួយបណ្តាប្រទេសនានានៅក្នុងពិភពលោក និងតំបន់ ដែលខុសពីស្ថានភាពកាលពីអតីតកាលផងដែរ៕