(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) របស់លោកឧកញ៉ា លីយ៉ុង ផាត់ នូវទឹកប្រាក់ជាង១០លានដុល្លារ។
សួនសត្វភ្នំពេញសាហ្វារីនេះ មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពញ ហើយសួនសត្វនេះ សាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១។ សួនសត្វនេះហ៊ុមព័ទ្ធ ទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
ថ្លែងក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវភាពសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញដាក់សម្ពោធជាផ្លូវការ សួនសត្វ ភ្នំពេញសាហ្វារីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញនូវមោទនភាព និងអបអរសាទរ ចំពោះក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលពេលនេះបានបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលទីនេះនឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែលកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានមកកំសាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជា។ សួនសត្វនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូន ដែលរស់នៅជាប់តំបន់នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនប្រជាជនទូទាំងប្រទេស កន្លែងនេះ [ សួនសត្វភ្នំពេញសាហ្វារី ] ក្រៅពីជាកន្លែងកម្សាន្តដើម្បីមើលសត្វ យើងក៏ក្លាយជាតំបន់អភិរក្សនៃសត្វទាំងឡាយ មិនគ្រាន់តែសត្វដែលមានក្នុងស្រុកប៉ុណ្ណោះទេ លោកឧកញ៉ា លី យ៉ុងផាត់ ប្រហែលជានឹងទាក់ទាញយកសត្វដទៃៗ ចម្លែកៗដែលអាចត្រូវនឹងធាតុអាកាសរបស់យើង ពីប្រទេសដទៃមកកាន់ប្រទេសរបស់យើងផងដែរ...ហើយនៅទៅនេះ ក៏អាចធ្វើការបង្កាត់ពួជសត្វផងដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា «នៅពេលនេះ យើងរីករាយនឹងសមិទ្ធផលថ្មីមួយទៀត ដែលផ្តល់នូវតម្លៃបន្ថែមសម្រាប់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច របស់យើង ហើយក៏ផ្តល់ការងារធ្វើឲ្យប្រជាជនយើង។ ម្យ៉ាងទៀតបើសិនជាទេសចរណ៍មកទីនេះច្រើន អ្នកដែលនៅជុំវិញតំបន់នេះ នឹងទទួលបានផលប្រយោជន៍ពីការលក់ដូរនានា ដើម្បីបម្រើឲ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ។ ខ្ញុំចង់ជូនសារនេះទៅប្រជាជន ដែលធ្លាប់ទៅលេងនៅកន្លែងនេះ នៅកន្លែងនោះ ឥឡូវយើងមានកន្លែងកម្សាន្តនៅទីនេះ ដើម្បីមើលសត្វ ហើយទៅខាងមុខនឹងមានទឹករាំ និងតំបន់កម្សាន្តប្លែកៗកំពុងសាងសង់បន្ត»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុន LYP របស់ឧកញ៉ា លី យ៉ុងផាត់ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតពិសេសផ្លូវថ្នល់ ដើម្បីបម្រើឲ្យបានគ្រប់គ្រាន់ នៅក្នុងតំបន់នេះឲ្យកាន់តែងាយស្រួល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា នៅតំបន់អភិវឌ្ឍន៍ក្រុងរណបថ្មីនេះ ក្រៅពីសួនសត្វសាហ្វារីថ្មី ក៏មាននូវ សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនគោលទំនើប ពហុកីឡដ្ឋានជាតិ និងវិមានឈ្នះ-ឈ្នះដែលកំពុងសាសងសង់ជិតរួចរាល់ហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ទាំងវិស័យរដ្ឋ និងវិស័យកជនពិតបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនោះដែរ គឺគ្រប់វិស័យឯកជនទាំងអស់ក៏បានបង់ប្រាក់ពន្ធឲ្យរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ បើកជាប្រាក់ខែដល់មន្រ្តីរាជការ ក្នុងការបម្រើសេវានានាជូនពលរដ្ឋ។
សម្តេចតេជោបានបញ្ជាក់សារជាថ្មី ថាក្រោយពីប្រទេសទទួលបាននូវសន្តិភាពពេញលេញហើយ គឺកម្ពុជាបានជំរុញការកសាងប្រទេសជាតិ ដែលបានកំណត់ទិសដៅក្នុងការប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិជ្ជតាប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទស្សនាការសម្តែងរបស់សត្វ នៅក្នុងសួនសត្វភ្នំពេញ សាហ្វារី ឲ្យបានគ្រប់ៗគ្នា៕