(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះបានចាត់ទុកការបញ្ជាក់របស់ លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រី មកពីបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការចូលរួមប្រកួតប្រជែងនយោបាយ ព្រោះតែចង់តបស្នងការដែលសម្តេចប្រឹងបញ្ជូន ទៅសិក្សានៅអាល្លឺម៉ង់នោះ គឺជារឿងត្រឹមត្រូវ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២២ ខែមិថុនាម្សិលមិញ លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ដោយសារលោកដឹងគុណសម្តេច បានជាលោកធ្វើនយោបាយប្រកួតជាមួយសម្តេច ដើម្បីនាំមកនូវគោលនយោបាយ ដែលធានាឲ្យមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយយុត្តិធម៌ និងនិរន្តរភាព។
ក្នុងឱកាសអញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដ៏ទៃបានដៀមដាមឲ្យខ្ញុំ ប្រៀបធៀបថា ងាកឆេះ និងងាកផ្ដល់ចំណេះ ប៉ុន្ដែអ្នកដែលតាំងខ្លូនជាងាកផ្ដល់ចំណេះ គឺត្រូវយើងជាអ្នកផ្ដល់ចំណេះឲ្យទេ ព្រោះយើងជាអ្នកបញ្ជូនគាត់ទៅរៀន។ ម្សិលមិញគាត់ក៏បានបញ្ចេញសារត្រឡប់មកវិញថា ដោយសារតែខ្ញុំដឹងគុណសម្ដេចនឹងហើយ បានខ្ញុំធ្វើនយោបាយដើម្បីសន្ដិភាព និងការអភិវឌ្ឍ គាត់និយាយចឹងវាត្រឹមត្រូវហើយ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមទៅកាន់ លោក យ៉ង សាំងកុមារថា ត្រូវតែដឹងខ្លួនឯងច្បាស់ហើយថា មានតែសម្ដេចតែប៉ុណ្ណោះ ដែលបានផ្ដល់ចំណេះឲ្យតាមរយៈការធានាឲ្យលោក យ៉ង សាំងកុមារ រស់រានមានជីវិត និងតាមរយៈការបញ្ជូនទៅសិក្សានៅបរទេស ដូច្នេះហើយសម្ដេចគឺជាអ្នកផ្ដល់ចំណេះ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានទម្លាយថា សម្ដេចបានស្រាវជ្រាវដឹងរួចអស់ហើយ ថាអ្នកដែលបង្ហោះប្រៀបធៀបសម្ដេច ជាមួយលោក យ៉ង សាំងកុមារនោះជានរណា ហើយរស់នៅទីណានោះ ហើយជាមនុស្សរបស់អ្នកណានោះ។
សូមជម្រាបថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានប្រៀបធៀបចំពោះគោលនយោបាយរបស់សម្ដេច ជាមួយនឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិសេសត្រង់ចំណុចថា «ងាកឆេះ និងងាកផ្តល់ចំណេះ»៕