(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែរនោះ បានបន្តអំពាវនាវដល់ បណ្ដាគណបក្សនយោបាយទាំងអស់ កុំឲ្យឃោសនាបង្អាប់បក្សដទៃ សូមធ្វើខ្លួនដូចអាជីវករ គឺផ្សព្វផ្សាយតែផលិតផលខ្លួន កុំបង្អាប់ផលិតផលរបស់អ្នកដទៃ។
ការបន្ដអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ សម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមកុំបង្អាប់គ្នាបានទេ ខ្ញុំសុំគ្រាន់តែឲ្យធ្វើដូចពាណិជ្ជករអញ្ចឹង អ្នកឃោសនាពាណិជ្ជកម្មអញ្ចឹង គេឃោសនាតែរឿងរបស់គេហ្នឹង [...] ខ្ញុំចង់ឲ្យអ្នកនយោបាយរបស់យើង រៀនធ្វើនយោបាយ»។
និយាយដល់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឆ្លើយតបទៅនឹងអ្នកដែលប្រៀបធៀបគណបក្សផ្សេង ជាមួយគណបក្សប្រជាជនកម្ពុជាវិញថា គណបក្សដទៃមិនទាន់មានធនធានគ្រប់គ្រាន់ ដូចគណបក្សប្រជាជនកម្ពុជានោះទេ ហើយបើនិយាយពីបណ្ឌិតវិញ គឺគណបក្សប្រជាជនមានច្រើនជាង គណបក្សនយោបាយដទៃ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសំណួរ ទៅអ្នកដែលនិយាយថា កម្ពុជាគ្មានអភិវឌ្ឍន៍ តើកាលពីមុនស្ថានភាពគ្រួសាររបស់គេយ៉ាងម៉េច ហើយបច្ចុប្បន្នវាយ៉ាងម៉េច? សម្តេចថា ក្រោយថ្ងៃរំដោះ រកតែស្បែកជើងពាក់មិនបាន់ផង ហើយបច្ចុប្បន្នជីវភាពកំពុងកាន់តែល្អប្រសើរ តើនោះមិនមែនជាការរីកចម្រើនទេ ឬយ៉ាងណា?។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មផងដែរ ចំពោះអ្នកមិនទទួលស្គាល់នូវកិច្ចអភិវឌ្ឍន៍របស់កម្ពុជា នាពេលបច្ចុប្បន្នផងដែរ ខណៈដែលពួកគេកំពុងធ្វើដំណើរលើស្ពាន និងលើផ្លូវ ដែលសាងសង់ដោយរាជរដ្ឋាភិបាលមកពី គណបក្សប្រជាជនកម្ពុជា ប៉ុន្ដែបែរជាមិនទទួលស្គាល់នូវអ្វីដែលកំពុងមានទៅវិញ៕