(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់សរសៃឈាមបេះដូងចំនួន២រូប របស់មន្ទីរពេទ្យបាងកកដ៏ល្បីនៅប្រទេសថៃ បានមកដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដើម្បីរាយការណ៍ប្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ពីជំងឺសរសៃឈាមបេះដូង ដែលកំពុងចោទជាបញ្ហាខ្លាំង សម្រាប់ពិភពលោក និងដើម្បីប្រចាំការនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងការចាំទទួលពិនិត្យ និងព្យាបាលជំងឺដ៏កាចសាហាវនេះ ជូនប្រជាពលរដ្ឋនៅកម្ពុជា។
អ្នកជំនាញទាំង២រូបនេះ គឺលោកវេជ្ជបណ្ឌិត ភីយ៉ាផាន ផាម៉នស៊ីង (PIYAPAN PAMORNSING) និងលោកវេជ្ជបណ្ឌិត សានទី គុជសិរីវិសាល (SANTI KIJSIRIWISAL) ដែលអ្នកទាំងពីរសុទ្ធតែជាវេជ្ជបណ្ឌិតដ៏ជំនាញ និងល្បីឈ្មោះផ្នែកវះកាត់សរសៃឈាមបេះដូង ប្រចាំមន្ទីរពេទ្យបាងកក ក្នុងចំណោមវេជ្ជបណ្ឌិត និងគ្រូពេទ្យល្បីៗជាច្រើនរូបទៀត។
ក្នុងសិក្ខាសាលាពាក់ព័ន្ធនឹងជំងឺសរសៃឈាមបេះដូង ក៏ដូចជាការវះកាត់សរសៃឈាមបេះដូង និងវិធីសាស្ត្រថែទាំសុខភាពបេះដូង នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ វេជ្ជបណ្ឌិត ភីយ៉ាផាន ផាម៉នស៊ីង បានបង្ហាញការកត់សម្គាល់ថា តាមរយៈការងារវះកាត់សរសៃឈាមបេះដូង ជំងឺសរសៃឈាមបេះដូងកំពុងមានការកើនឡើង ខណៈអ្នកមកទទួលសេវាវះកាត់បេះដូងនៅមន្ទីរពេទ្យ ក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។
លោក ភីយ៉ាផាន ផាម៉នស៊ីង បានបន្តថា ដោយសារសង្កេតឃើញយ៉ាងដូច្នេះ និងដោយការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋនៅកម្ពុជាផងនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសហការជាមួយមន្ទីរពេទ្យបាងកក ធ្វើការងាររួមគ្នាលើវិស័យសុខាភិបាលនៅកម្ពុជា ដោយអញ្ជើញវេជ្ជបណ្ឌិតជំនាញៗពីមន្ទីរពេទ្យបាងកក ដើម្បីមកប្រចាំការជួយពិនិត្យ និងព្យាបាលជំងឺនេះជូនអ្នកជំងឺនៅរាជធានីភ្នំពេញផ្ទាល់។
ចំណែកឯលោកវេជ្ជបណ្ឌិត សានទី គុជសិរីវិសាល បានបញ្ជាក់ថា ការកើតឡើងនូវជំងឺសរសៃឈាមបេះដូងនេះ មកពីការបរិភោគអាហារមិនមានការប្រុងប្រយ័ត្ន មិនត្រឹមត្រូវតាមរបបអាហារចំពោះរាង្គកាយមនុស្សម្នាក់ៗ ហើយការមិនហាត់ប្រាណ ឬមិនសូវហាត់ប្រាណ ក៏ជាមូលហេតុដែលនាំឱ្យកើតជំងឺសរសៃឈាមបេះដូងផងដែរ។
វេជ្ជបណ្ឌិត សានទី បានបន្ថែមថា ជំងឺសរសៃឈាមបេះដូងមិនងាយស្រួល ក្នុងការការពារប៉ុន្មានទេ ប៉ុន្តែអ្វីដែលមនុស្សចាំបាច់ត្រូវធ្វើនោះ គឺការបរិភោគអាហារឱ្យបានត្រឹមត្រូវ កុំលើសពេក កុំខ្វះពេក ពិសេសកុំសូវបរិភោគអាហារដែលមានជាតិខ្លាញ់ ព្រោះខ្លាញ់ជាឃាតកចម្បងក្នុងការធ្វើឱ្យស្ទះ ឬដាច់សរសៃឈាមបេះដូង ពិសេសត្រូវត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ជាកំហិត។ មួយវិញទៀត សម្រាប់មនុស្សវ័យចំណាស់ ក៏អាចប្រឈមច្រើនជាងមនុស្សក្មេងធម្មតាផងដែរ។
អ្នកជំនាញវះកាត់សរសៃឈាមបេះដូង ដែលមានបទពិសោធន៍យូរឆ្នាំរូបនេះ បានដាស់តឿនថា ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺសរសៃឈាមបេះដូង អ្នកជំងឺត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើវិនិច្ឆ័យរោគ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញពិតប្រាកដ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បាននិងកំពុងរៀបចំបន្ទប់វះកាត់សរសៃឈាមបេះដូងជិតរួចរាល់ហើយ ហើយនឹងដំណើរការសេវាកម្មវះកាត់សរសៃឈាមបេះដូងនេះ ក្នុងពេលឆាប់ៗខាងមុខ ដូចជាបញ្ហាដាច់សរសៃឈាមបេះដូង ដាក់ឧបករណ៍ជំនួយសរសៃឈាមបេះដូងផងដែរ។ ម្យ៉ាងទៀត អ្នកជំងឺក៏អាចពិភាក្សាជាមួយវេជ្ជបណ្ឌិតល្បីៗជាច្រើនទៀត តាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទៅមន្ទីរពេទ្យបាងកកបានយ៉ាងងាយស្រួលផងដែរ។
សូមជម្រាបថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាមន្ទីរពេទ្យដែលទទួលបានបានមាត្រដ្ឋានកម្រិតអន្តរជាតិ JCI ដំបូងគេបង្អស់នៅកម្ពុជា។ មន្ទីរពេទ្យនេះ ក៏ជាសាខារបស់មន្ទីរពេទ្យដ៏ធំមួយ ដែលគ្រប់គ្រងដោយមន្ទីរពេទ្យបាងកក និងជាបណ្ដាញមន្ទីរពេទ្យរបស់ BDMS (Bangkok Dusit Medical Service Public Co.,Ltd) ក្នុងនោះក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សុទ្ធតែមានជំនាញច្បាស់លាស់ដែលទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ អ្វីដែលកាន់តែពិសេសនោះ គឺជាបំពាក់បច្ចេកវិទ្យាបរិក្ខាពេទ្យដ៏ទំនើបទាន់សម័យ៕