(បាត់ដំបង)៖ លោក ឃុន សំបូរ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានដាស់តឿនឱ្យប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឱ្យពលរដ្ឋអញ្ជើញ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ការលើកឡើងបែបនេះ របស់លោក ឃុន សំបូរ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញ ជួបសំណេះសំណាល ជាមួយអតីតមន្រ្តីរាជការចូលនិវត្តន៍ និងមន្រ្តីរាជការមកពីគ្រប់អង្គភាពជាង៥០០នាក់ នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ឃុន សំបូរ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឈប់ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស CPP បច្ចុប្បន្ន។ ដើម្បីឆ្លើយតបទៅនឹងអំពើល្អរបស់បក្ស CPP លោកប្រធានក្រុមការងារ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនបក្ស CPP ឈ្នះឆ្នោតដើម្បីមានឱកាសបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
ប្រធានក្រុមការងារចុះជួយឃុំតាគ្រាមបានថ្លែងថា មានតែគណបក្ស CPP មួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន បានធ្វើអំពើល្អគ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រកសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋបានសុខសាន្តតទៅ។
លោកប្រធានក្រុមការងារ បានបញ្ជាក់អំពីប្រវត្តិសាស្រ្តខ្មែរកន្លងមកថា នៅក្នុងរបបមេដឹកនាំសម័យមុនៗ គឺបានធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ និងអំណាចបក្សពួកខ្លួនប៉ុណ្ណោះ គឺមិនដែលធ្វើអ្វីដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋឡើយ គឺបានធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា មិនដែលបានសុខម្តងណាឡើយ គឺស្គាល់តែសង្រ្គាម កាប់សម្លាប់ ព្រាត់ប្រាស់ជាបន្តបន្ទាប់។
លោកប្រធានក្រុមការងារបានបន្តថា មានតែគណបក្សបក្ស CPP មួយគត់ដែលមានស្នាដៃ គុណដំណាច់ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ តាមរយៈការតស៊ូរំដោះប្រទេសជាតិ កសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ មិនតែប៉ុណ្ណោះ ថែមទាំងបានរក និងការពារសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ។ ដោយសារមានសន្តិភាពនេះ ហើយទើបប្រជាពលរដ្ឋយើង មានការជឿជាក់ និងគាំទ្រជាខ្លាំងដល់បក្ស CPP បានដឹកនាំរាជរដ្ឋាភិបាលបាន ៥អាណត្តិមកហើយ និងបន្តគាំទ្រនៅអណត្តិទី៦ ដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ៕