(ភ្នំពេញ)៖ ទីបំផុតកីឡាករឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានត្រឡប់មកជួយក្លឹបចាស់របស់ខ្លួន គឺក្រុមបឹងកេតអែហ្វស៊ីវិញហើយ បន្ទាប់ពីបញ្ចប់អាជីពក្រៅស្រុក ជាង១រដូវកាលកន្លងទៅ ។ នេះបើតាយោងតាមសេចក្ដីប្រកាសផ្លូវការ ក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបការពារ តំណែងជើងឯកបឹងកេត នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា មុនត្រឡប់មកជួយដល់ក្លឹបបឹងកេត ដែលកំពុងឈរលេខរៀងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨។ កាលពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានចេញទៅលេងឲ្យក្លឹប Fujieda MYFC នៃលីគទី៣ របស់ជប៉ុន ១រដូវកាល ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ។
បន្ទាប់មកដើមឆ្នាំ២០១៨ ក្រោយចប់កុងត្រាជាមួយក្លឹបជប៉ុន កីឡាករមានដើមកំណើតមកពីខេត្តកំពតនេះ បានសម្រេចចុះកុងត្រា១រដូវកាលជាមួយក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA ពេលនេះ រូបគេបានត្រឡប់មកក្លឹបចាស់វិញហើយ៕