(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីនៃស្រុកកោះធំ ខេត្តកណ្តាល បានលេចចេញជារូបរាង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បន្ថែមពីលើសមិទ្ធផលជាច្រើនដែលបានបង្ហាញរូបរាងនាពេលកន្លងមកនោះ។ សមិទ្ធផលថ្មីលើទឹកដីស្រុកកោះធំនាពេលនេះ គឺកីឡដ្ឋានស្រុកកោះធំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មីមួយនេះ បានហៅសមិទ្ធផលកីឡដ្ឋាននេះថា ជាសមិទ្ធផលកើតចេញម្លប់នៃសន្តិភាព កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ដែលជាប្រធានគណៈពង្រឹងការងារនៅក្នុងស្រុកកោះធំរូបនេះ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា ប្រទេសកម្ពុជា រួមទាំងស្រុកកោះធំផង ប្រសិនបើសម្តេចតេជោ ហ៊ុន សែន មិនបានប្រឹងប្រែងបញ្ចប់សង្គ្រាមកាលពី២០ឆ្នាំមុនទេនោះ ច្បាស់ណាស់កម្ពុជាមិនអាចមានការអភិវឌ្ឍដូចពេលបច្ចុប្បន្នឡើយ។
«សុខសន្តិភាពគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ សន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបនៃគណបក្សប្រជាជនកម្ពុជាប្រឹងប្រែងយកជីវិតទៅប្តូរមកនេះ គឺជាកត្តាសត្យានុម័តនាំឲ្យជាតិយើងមានសមិទ្ធផលដូចពេលបច្ចុប្បន្ន»។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់។
លោកទេសរដ្ឋមន្រ្តីបន្ថែមថា «ដើម្បីជាតិយើងទទួលបានការអភិវឌ្ឍរីកចម្រើនលូតលាស់ទៅមុខទៀត យើងត្រូវរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពមួយនេះ បើសុខសន្តិភាពត្រូវបាត់បង់ជាតិយើងនឹងជួបគ្រោះដូចអតីតកាលមិនខាន។ ដើម្បីរក្សាបានសុខសន្តិភាព យើងត្រូវបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០។ បោះឆ្នោតជូនសម្តេចតេជោ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារក្សាបានសុខសន្តិភាព រក្សាសមិទ្ធផលជាតិ និងបន្តនាំជាតិឲ្យកាន់តែរីកចម្រើន»។
សូមបញ្ជាក់ថា កីឡដ្ឋានកោះធំដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកនេះ ចំណាយថវិកាសាងសង់ប្រមាណ ៤២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងកីឡដ្ឋាននេះ មានតារាងបាល់ទាត់ទំហំស្តង់ដារអន្តរជាតិ និងទីលានកីឡាផ្សេងៗទៀតផងដែរ។ កាលពីមុនកីឡដ្ឋាននេះជាដីលិចទឹកមិនអាចធ្វើការហ្វឹកហាត់បាននោះឡើយ។ ក្រៅកីឡដ្ឋានមួយនេះទៅក្នុងស្រុកកោះធំ ទាំងរាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់ជាតិ បានជួយកសាងសមិទ្ធផលជាច្រើន មានដូចជាស្ពានកោះធំ ផ្លូវជាតិលេខ២១ ផ្លូវបេតុងនៅតាមឃុំនានា សាលារៀនជាដើម ដែលសុទ្ធសឹងជាសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់អ្នកស្រុកកោះធំ។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ជាពិសេសសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត មិនត្រូវសេពគ្រឿងស្រវឹង ឬគ្រឿងញៀននោះឡើយ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីទាំងមូលនោះថា ត្រូវរួមគ្នាជួយកសាងជាតិជាមួយរាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើន ដោយត្រូវប្រកាន់ខ្ជាប់ពាក្យស្លោកមួយថា «កុំសួរថា តើកម្ពុជាអាចធ្វើអ្វីដើម្បីអ្នក ត្រូវសួរថាអ្នកអាចធ្វើអ្វីដើម្បីកម្ពុជា»៕