(ភ្នំពេញ)៖ សមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) និងសាកលវិទ្យាល័យជឺវជាំង បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហការលើការ បណ្តុះបណ្តាលធនធានមនុស្ស នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

ពិធីនេះ រៀបចំធ្វើឡើងក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោក Wang Xianmiao ប្រធានទទួលបន្ទុក កិច្ចការសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យជីវជាំង។

លោក Wang Xianmiao មានសេចក្តីសោមនស្សរីករាយ ដែលចូលរួមសហប្រតិបត្តិការ ជាមួយសមាគមអាហាររូបករណ៍សិស្ស-និស្សិត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ ក្នុងនោះផ្ដល់នូវថវិកាសម្រាប់ការស្នាក់នៅ ការរៀនសូត្ររបស់និស្សិតកម្ពុជា។

លោក Wang Xianmiao បន្តថា ក្រៅពីការសហការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ភាគីសាកលវិទ្យាល័យ ក៏មានការទំនាក់ទំនងផ្នែកសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា។ លោកក៏សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង ក្នុងការសហការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោកបន្តថា នេះគឺជាការទំនាក់ទំនងយ៉ាងល្អ រវាងប្រទេសចិន និងប្រទេសកម្ពុជា ដែលមានជាយូរមកហើយ ក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ជាដើម។ លោកបន្ថែមទៀតថា លោកនឹងជំរុញការទំនាក់ទំនង រវាងកម្ពុជា និងចិន ឲ្យកាន់តែល្អប្រសើរថែមទៀត នៅក្នុងការផ្ដល់អាហារូបករណ៍ ដល់និស្សិតខ្មែរជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះសកលវិទ្យាល័យជីវជាំង ដែលបានសហការនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស របស់តាមរយៈការផ្តល់អាហាររូបករណ៍ ដល់និស្សិតខ្មែរ ដែលនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្ស។

លោក ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា ការទំនាក់ទំនងដ៏ល្អនេះ នឹងធ្វើឲ្យសាកលវិទ្យាល័យជីវជាំង នៅតែផ្ដល់អាហាររូបករណ៍​ ជូនដល់និស្សិតខ្មែរបន្ថែមទៀត។

សូមបញ្ជាក់ថា គោលបំណង ចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំង២នេះ គឺជាកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសចិន និងការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្ស-និស្សិតកម្ពុជា ចំនួន២០នាក់ ក្នុងឆ្នាំ២០១៧-២០១៨។

គួរកត់សម្គាល់ផងដែរ បេសកកម្មរបស់សមាគម អ.ម.ត គឺស្វែងរកឱកាសអាហារូបករណ៍ កម្មសិក្សាការងារ ដល់យុវជនកម្ពុជា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ដោយឡែក តាមរយៈសមាគម អ.ម.ត ចាប់ពីឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ននេះ និស្សិតកម្ពុជាចំនួន៩៨នាក់ បានបញ្ជូនទៅសិក្សានៅប្រទេសចិន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់៕