(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញរឿង «ផ្ទះចិញ្ចឹមខ្មោច» កាលពីខែមិនាកន្លងទៅ ដែលជាវណ្ណកម្មរឿងប្រភេទខ្មោចបែបកំប្លែងរួចមក ផលិតកម្ម «Wonderfilm» បានបញ្ចេញនូវរឿង បែបរន្ធត់ថ្មីមួយទៀត ដែលមានចំណងជើងថា «ស្នូរជើងអ្នកណា» ក្រោមការដឹកនាំរបស់លោក សែម វិសាល និងចែកចាយផ្សព្វផ្សាយ ដោយពូព្រហ្ម អេនធើធេនម៉ិន ដើម្បីធ្វើការប្រកួតប្រជែង ក្នុងទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា ដែលកំពុងតែហ៊ុព័ទ្ធដោយភាពយន្តបរទេស វាយយ៉ាងខ្លាំងក្លា ជាពិសេសតាមបណ្ដារោងភាពយន្តទំនើបនានា។
លោក សែម វិសាល ម្ចាស់ផលិតកម្ម «Wonderfilm» បានបង្ហើបឲ្យដឹងរថា លោកមានគំរោងបញ្ចេញ រឿងបែបរន្ធត់តក់ស្លុតវិញ្ញាណ ជាបន្តបន្ទាប់ទៀត ដើម្បីឈានជើងចូលប្រកួតប្រជែងទីផ្សារ នៅកម្ពុជា ដែលកំពុងញាំញីដោយភាពយន្ត ខ្នាតយក្សបែបហូលីវូដ និងរឿងរន្ធត់បែបសាហាវៗក្នុងតំបន់។ លោកនិយាយថា «ខ្ញុំគិតថា ដើម្បីប្រកួតប្រជែងជាមួយរឿងខ្នាតយក្ស របស់បរទេស ផលិតករខ្មែរត្រូវតែពង្រឹងគុណភាព និងស្វែងរកចំណុចពិសេស របស់ភាពយន្តខ្មែរយើង»។
ដោយឡែកលោក ព្រំ សិលា អ្នកចាត់ការទូទៅក្រុមហ៊ុន ពូព្រហ្មអិនធឺធេនមែន បានថ្លែងថា «សម្រាប់ការប្រមើមើលលទ្ធភាព ភាពយន្តខ្មែរ ក្នុងថ្ងៃខាងមុខ ភាគច្រើនជារឿងបែបរន្ធត់សុទ្ធ ហើយមានកំប្លែងបន្តិចបន្តួច ជាពិសេសរំលេចយកលក្ខណៈ ពិសេសនៃជំនឿ បែបខ្មែរ ទើបអាចប្រកួតប្រជែង ជាមួយភាពយន្តបរទេសបាន»។ លោកក៏បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះវិស័យភាពយន្តខ្មែរ ទោះត្រូវឆ្លងកាត់ឧបសគ្គធំៗ នាថ្ងៃខាងមុខជាច្រើនទៀត ក៏ដោយ។
លោកបន្ថែមថា ទីផ្សារឿងបែបរន្ធត់ កំពុងតែកក្រើក និងទទួលការគាំទ្រក្នុងរង្វង់ អ្នកទស្សនាមិនដាច់ តាមរោងភាពយន្ត តួរយ៉ាងដូចជារឿង «ធ្មប់» ចែកចាយដោយក្រុមហ៊ុន ពូព្រហ្ម កាលពីដើមឆ្នាំនេះជាដើម។
សូមបញ្ជាក់ថា រឿង«ស្នូរជើងអ្នកណា» នឹងដាក់បញ្ចាំងនៅថ្ងៃទី ១៩ ខែកក្កដានេះតទៅ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេស។ រឿងថ្មីមួយនេះ ត្រូវបានកំណត់យកទីតាំងថត នៅផ្ទះវីឡាគេបោះបង់ចោលមួយ នៅជាយក្រុងតាខ្មៅ។ ដោយឡែកការនិពន្វ ទាំងសមតួរផ្ទាល់ ធ្វើនៅផ្ទះវីឡាបែបបុរាណកាត់សម័យនេះតែម្តង ពោលដើម្បីស្វែងរកអារម្មណ៍ និងភាពភ័យរន្ធត់បែបថ្មីមួយ ដល់ទស្សនិកជនតាមរោងកុនទស្សនា។ នេះបើតាមការបង្ហើបរ បស់ផលិតករភាពយន្ត។ ថ្វីត្បិតតែរឿងថ្មីរបស់ផលិតកម្ម «WonderFilm» មួយនេះជាប្រភេទបែបរន្ធត់ច្រើន តែក៏មានបង្កប់នៅឈុតអស់សំណើច បែបថ្មីរវាងមនុស្ស និង វិញ្ញាណខ្មោចផ្ទាល់ផងដែរ៕