(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា វេលាម៉ោង១០៖២៣នាទីព្រឹក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនី ពីរោងចក្រអគ្គិសនីទី២ (​C2-F4) ដែលបណ្តាលឲ្យដាច់ចរន្ត អគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងផ្លូវ១១០ ផ្លូវ២០៩ និងផ្លូវ២១០ សង្កាត់វឌ្ឍភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។

EDC បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនី ពីរោងចក្រអគ្គិសនីទី២ (​C2-F4) ខាងលើនេះ មូលហេតុដោយសារតែក្រុមហ៊ុនឯកជន ប្រើប្រាស់អេស្កាវ៉ាទ័រកាយ ដីដាក់លូ ប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។

ក្រុមការងារ បានធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖១០នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើង P1650 P1649 និង P769 ដែលមានទីតាំងស្ថិតនៅផ្លូវ១១០ ផ្លូវ១០៨ ផ្លូវ២០៩ និងផ្លូវ២១០ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅម៉ោងប្រហែលម៉ោង៥ល្ងាច។ 

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕