(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ តំណាងរបស់លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចូលរួមត្បាញក្រមានៃកម្មវិធី «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក»។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ លោកស្រីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងផែនការចូលរួមផងដែរ។

គណៈប្រតិភូក្រសួងផែនការ ដែលអញ្ជើញចូលរួមនាថ្ងៃនេះ គឺដើម្បីគាំទ្រ និងចូលរួមចំណែកក្នុងការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក ដែលជាសក្ខីភាពមួយ នៃស្មារតី «ជឿថា ខ្មែរធ្វើបាន» ដើម្បីប្រមូលផ្តុំការចូលរួមជាមហាគ្រួសារខ្មែរតែមួយ និងកសាងស្នាដៃដែលជាមោទនភាពជាតិលើឆាកអន្តរជាតិ។

សូមគូសបញ្ជាក់ថា កម្មវិធី «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក» នេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ចលនា GoGoCambodia ដែលជាស្នាដៃរបស់កូនខ្មែរយើងសុទ្ធសាធ និងសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ អញ្ជើញចូលរួមបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោកនេះឲ្យបានគ្រប់ៗគ្នា៕