(បាត់ដំបង)៖ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន១៨០នាក់ នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សចាស់ទុំខាងផ្នែកនយោបាយ និងការដឹកនាំប្រកបដោយភាពត្រឹមត្រូវប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍ ហើយពួកគាត់បានប្តេជ្ញាចិត្តចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ក្នុងពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកថ្មីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្ស CPP ចុះជួយឃុំភ្នំសំពៅស្រុកបាណន់ ដោយមានការចូលរួមពីប្រធានបក្សឃុំ សាខាបក្សភូមិសកម្មជនបក្សទាំងអស់ចូលរួមមួយចំនួនទៀត។
លោកប្រធានគណៈពង្រឹង បានស្វាគមន៍ចំពោះសមាជិកថ្មីទាំងអស់ ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្ស CPP នាពេលនេះ ព្រមទាំងបាននាំការ ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សបច្ចុប្បន្ន ពិសេសសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូ និងយកចិត្តទុកដាក់ជានិច្ចពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កសាង និងការអភិវឌ្ឍប្រទេសជាតិរហូតមក។
សមាជិកបក្ស CPP ថ្មីទាំងអស់ថា «ការសម្រេចចិត្តចូលរួមជីវភាព ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ បន្ទាប់ពីយើងខ្ញុំបានសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះគោលនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា គឺជាបក្សដឹកនាំដ៏ត្រឹមត្រូវបំផុត បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ទើបយើងខ្ញុំបានសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មានគុណបំណាច់ធំធេងក្នុងការកសាង និងការពារសន្តិភាពជូនប្រទេសជាតិពិតប្រាកដ»។
ក្នុងឱកាសទទួលស្វាគមន៍សមាជិកមហាគ្រួសារថ្មីនេះ លោកប្រធានក្រុមការងារ ក៏បានរំលឹកពីស្ថានការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ដែលបានធ្លាក់ក្នុងភ្លើងសង្រ្គាមនៅកម្ពុជា នៅក្នុងឆ្នាំ១៩៧០ ដែលកាលនោះលោក លន់ នល់ បានក្លាយជាកូនឡុករបស់បរទេស ហើយធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ ចេញពីអំណាចបង្កឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលបណ្តាលឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងលំបាក ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ បានបំផ្លាញស្ទើរគ្មានសល់ នៅក្នុងរបបប៉ុលពតថែមទៀត។
ឯមហាវីរបុរសខ្មែរពិតប្រាកដ គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកដែលបានរំដោះប្រទេសជាតិ ប្រជាពលរដ្ឋឱ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចបានកសាង ការពារ និងអភិវឌ្ឍន៍ជាតិ បានស្វែងរកសន្តិភាពជូនជាតិតាមរយៈការចរចារគ្រប់ភាគីខ្មែរ និងខ្មែររហូតឈានដល់ចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ និងបានបន្តក្នុងការបង្រួបបង្រួមជាតិតាមយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមទាំងស្រុងខ្មែរតែមួយ និងចុងក្រោយនេះបានការពារសន្តិភាព និងទប់ស្កាត់បានទាន់ពេលវេលាតាមរយៈក្រុមជនអគតិប្រឆាំងផ្កាប់មុខ បានរៀបចំធ្វើបដិវត្តន៍ពណ៌ចង់ផ្តួល រាជរដ្ឋាភិបាលស្របច្បាប់កន្លងមក។
លោកបានលើកឡើងថា គណបក្សសង្រ្គោះជាតិដែលបានស្លាប់ ដោយសារតុលាការកំពូលរកឃើញថា មេដឹកនាំគណបក្សនេះក្បត់ជាតិ ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាគណបក្សដែលបានឃុបឃិតជាមួយបរទេស ដោយអនុវត្តគោលនយោបាយបម្រើបរទេស ដែលនាំឲ្យមហន្តរាយដល់ប្រទេសជាតិ ដូច្នេះហើយបានជាគណបក្សនេះត្រូវបានតុលាការរំលាយចោល។ ការរំលាយចោលបក្សក្បត់ជាតិនេះចោល គឺជាការរក្សាបានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស របបរាជានិយមអាស្រ័យដោយធម្មនុញនៅកម្ពុជាបន្តទៀត។
លោក ហែម ថេង បានបញ្ជាក់ពីស្នាដៃធំៗ ជាច្រើនរបស់គណបក្ស CPP ធ្វើសម្រាប់ប្រទេសជាតិ និងពលរដ្ឋមានដូចជា៖ កសាងសមិទ្ធិផល រកសន្តិភាព ការពារសន្តិភាព។ល។ យើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យការរស់នៅរបស់យើង និងកូនចៅជំនាន់ក្រោយបានសេចក្តីសុខ យូរអង្វែងតទៅ។
លោកបានបន្តថា ទំរាំមានការអភិវឌ្ឍន៍បានដូចពេលបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានលះបង់ពេលវេលា ប្រឹងប្រែងច្រើនណាស់ ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ បម្រើប្រទេសជាតិ និងពលរដ្ឋ គឺមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ បានរួមរស់ រួមសុខទុក្ខជាមួយពលរដ្ឋជិត៤០ឆ្នាំមក និងរស់នៅប្រកបដោយសន្តិភាពនិងការអភិវឌ្ឍន៍ជាតិបន្តទៀតកាន់តែរីកចម្រើនខ្លាំងជាងមុន៕