(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រកូនខ្ចី ចាស់ជរាមានជម្ងឺ ផ្ទុកមេរោគអេសដ៍ គ្មានទីពឹង ដែលងាយរងគ្រោះ មកពីសង្កាត់ទួលសង្កែទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃសុក្រ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានទទួលអំណោយមនុស្សធម៌ជាអង្ករ និងថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃបានមួយចំនួន តាមរយៈលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងឲ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខណ្ឌ។
លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និងជាភរិយាលោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើង ពីការមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជម្ងឺ លោកស្រីក៏បានពាំនាំថវិកាផ្ទាល់របស់លោក ជា ពិសី និងអង្ករជាអំណោយរបស់កាកបាទក្រហមកម្ពុជា ជាពិសេសមានការចង្អុលបង្ហាញចំគោលដៅ និងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺត្រូវឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងបានឡើយ។
ក្នុងឱកាសប្រគល់ និងទទួលអំណោយនេះដែរ ប្រជាពលរដ្ឋ បានប្រកាសប្ដេជ្ញាចិត្តដឹកនាំក្រុមគ្រួសារ បន្ដទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដាខាងមុខ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេស ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕