(ភ្នំពេញ)៖ នៅពេលនេះ ប្រជាពលរដ្ឋខ្មែរពិតជា បានដឹងច្បាស់ថា តើនរណាជាអ្នកលើកតម្កើងប្រជាធិបតេយ្យ និងនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យពិតប្រាកដ! មិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជនបរទេស និងក្រុមខ្មែរលក់ខ្លួនមួយក្តាប់តូចតែងតែចោទប្រកាន់មួលបង្កាច់សព្វបែបយ៉ាង មិនមែនជាគណបក្សផ្សេងៗទៀត ដែលត្រូវបានក្រុមអ្នកនយោបាយប្រឆាំងចោទប្រកាន់ថា ជាគណបក្សតូច ជាគ្រឿងលម្អសម្រាប់គណបក្សប្រជាជនកម្ពុជា និងជាគណបក្សអាបឡើយ។

ក្រុមអ្នកនយោបាយ ទាំងនេះបាននាំគ្នាលើកស្ទួយសិទ្ធិប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងជំរុញឱ្យប្រជាពករដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់នានាដែលមានជាធរមាន។ សូម្បីតែលោក គង់ គាំ មនុស្សស្និទ្ធនឹងសម រង្ស៊ី ក៏មានគោលជំហរខុសគ្នា ព្រមទាំងបានរិះគន់ សម រង្ស៊ី តាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលមិនឱ្យពលរដ្ឋទៅបោះឆ្នោត និងបានជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតទៅតាមការអំពាវនាវរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះកំពុងគង់ព្យាបាលជំងឺនៅក្រៅប្រទេសដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក៏បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទៅបោះឆ្នោតដែរ។

តាមពិត អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺក្រុមជនបរទេសដែលកំពុងតែគាំទ្របុព្វហេតុបំផ្លាញសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលធ្វើឡើងដោយមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី និងគូកន។ ពួកគេបានដើរបញ្ច្រាស់នឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគេ ហើយការបោះឆ្នោត គឺជាផ្នែកមួយនៃការគោរពនិងអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ នៅពេលដែលក្រុមអ្នកនយោបាយរត់ចោលស្រុកដូចជា សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋមិនទៅបោះឆ្នោត តើចំណុចណា ដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ? សម រង្ស៊ី ពិតជាវង្វេងកាន់តែខ្លាំង និងបាត់បង់នូវចំណេះដឹងក្នុងច្បាប់ខ្មែរ លទ្ធិប្រជាធិបតេយ្យខ្មែរ ព្រោះជាប់រវល់នឹងការញុះញង់ ឱនក្បាលបម្រើផលប្រយោជន៍បរទេសនិងធ្វើតាមខ្សែញាក់បរទេស។ ទង្វើ ក្បត់ជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់សម រង្ស៊ី មិនត្រឹមតែទទួលបានថ្កោលទោសពីក្រុមអ្នកគាំទ្រ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ សូម្បីក្រុមអ្នកនយោបាយប្រឆាំងគ្នាឯងជាពិសេសក្រុមលោក គង់ គាំ និងលោក កឹម សុខា ក៏បានរិះគន់យុទ្ធសាស្ត្រនយោបាយបែបឆ្កួតលេលារបស់ សម រង្ស៊ី នេះដែរ។

ទណ្ឌិត សម រង្ស៊ី តែងតែងប្រកាសអះអាងខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យស្មោះត្រង់ចំពោះជាតិ ប៉ុន្តែតាមពិត សម រង្ស៊ី និងគូកនគឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងជាឧទ្ទាមខុសច្បាប់។ សម រង្ស៊ី និងក្រុមខ្លួន ​កំពុងតែអនុវត្តនយោបាយប្រជាភិថុតិ ដែលមានន័យថាលួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះឆ្នោត និងបោកប្រាស់ភូតកហុក តាមទិសស្លោក បំភ្លៃ បំភ័ន្ត បំប៉ោង និងបំផ្លើស។ ជាមួយគ្នានេះ សម រង្ស៊ី និងគូកន ក៏បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម ដែលមានន័យថា ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំ ណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។ ទាំងនេះគឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពកលរដ្ឋបច្ចុប្បន្ន ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះនឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

អ្វីដែលជនបរទេស និងក្រុមជនជាតិខ្មែរលក់ខ្លួនមួយចំនួន រួមមាន សម រង្ស៊ី បំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅកម្ពុជា មិនត្រូវបានរិះគន់ណាមួយពីក្រុមជនបរទេស ឬអ្នកនយោបាយប្រឆាំងរបស់ប្រទេសមួយចំនួនរាប់ទាំងក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន រួមមានអង្គការខុមហ្វ្រែល និងអង្គការអាន់ហ្វ្រែលរបស់ គល់ បញ្ញា អង្គការនិកហ្វិក ឬអង្គរលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ ប្រេដ អាដាម ឡើយ។ ប៉ុន្តែក្រុមទាំងនេះបែរជារិះគន់អ្នកការពារសន្តិភាព និងលើកតម្កើង លទ្ធិប្រជាធិបតេយ្យទៅវិញ។ នេះគឺដោយសារតែជនបរទេស និងសម រង្ស៊ី គឺជាក្រុមដែលខ្លួនតែងតែធ្វើគ្រប់សកម្មភាពដើម្បីគាំទ្រ បន្ថែមពីនេះក្រុមសង្គមស៊ីវិលទាំងនេះក៏បានចូលរួមឃុបឃិតបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយបានធ្វើជាអ្នកនាំំពាក្យក្រុមអ្នកនយោបាយប្រឆាំងបន្ទរការរារាំងប្រជា ពលរដ្ឋកុំទៅបោះឆ្នោត អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន។ ក្រុមសង្គមស៊ីវិលលម្អៀងរកក្រុមជនក្បត់ជាតិទាំង នេះបានព្យាយាមធ្វើគ្រប់សកម្មភាពដើម្បីគាំំទ្រ និងចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានេះដែលផ្ទុយពី តួនាទីរបស់អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពដោយអព្យាក្រឹត្យ និងមិនបម្រើនយោបាយក្រុមឬបក្ស ណាមួយឡើយ។ ប៉ុន្តែស្ថានភាពជាក់ស្តែង គល់ បញ្ញា ក៏ដូចជាប្រេដ អាដាម បំពានច្បាប់ទាំងនេះ។

ជារួម អ្វីដែល សម រង្ស៊ី និងគូកនរបស់ខ្លួនបាននិងកំពុងធ្វើសកម្មភាពនៅក្រៅប្រទេសដើម្បីបំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសងសឹកនយោបាយក្រោយពីខ្លួនបានបរាជជ័យលើគ្រប់សមរភូមិក្នុងការស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ។ ប៉ុន្តែ សម រង្ស៊ី ត្រូវដឹងថាប្រជា ពលរដ្ឋខ្មែរ មិនបន្តដេកឱបខ្មោចបក្សក្បត់ជាតិរបស់ខ្លួនឡើយ ហើយក៏មិននែបនិត្យជាមួយចលនាឧទ្ទាមខុសច្បាប់ដែលប៉ុនប៉ងស្នងរូបខ្មោចដែលស្លាប់ទៅហើយដែរ។ សម រង្ស៊ី និងក្រុមជ្រុលនិយមមួយក្តាប់តូចបាននិងកំពុងដើរលើផ្លូវខុស និងកំពុងឯកោនៅក្នុងសមរភូមិនយោបាយព្រោះគ្មាននរណាគាំទ្រខ្លួនដែលជាអ្នកបំផ្លាញប្រជាធិបតេយ្យទេ ហើយសូម្បីតែគង់ គាំ ដែលជាមនុស្សស្និទ្ធនឹងខ្លួនក៏មិនអាចអត់ទ្រាំបានចេញ មករិះគន់ខ្លួនយ៉ាងចាស់ដៃដែរ។ បើខ្លួនគិតខុស ធ្វើខុស បំផ្លាញប្រជាធិបតេយ្យ សូមសម រង្ស៊ី និងចៅហ្វាយនាយបរទេស​ កុំទាញឱ្យមនុស្សផ្សេងទៀតលិចលង់ ដើរលើផ្លូវល្មើ់សច្បាប់ជាមួយខ្លួន៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៨