(សៀមរាប)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកុមារអង្គរ និងសកលវិទ្យាល័យ វិទ្យាល័យ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងបណ្ដាក្រុមហ៊ុន ប្រមាណ៥០ក្រុមហ៊ុន ដែលមានអ្នកស្ម័គ្រចិត្តសរុប១,០០០នាក់ បានចូលរួមបរិច្ចាកឈាមដើម្បីជួយសង្គ្រោះជីវិត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ពិធីនេះក៏មានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត, លោក ឡាយ គឹមសួរ ប្រធានសមាគមនសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងមានអ្នកចូលរួមសរុបប្រមាណជា៣០០នាក់។
លោក ឆាយ សុភាព អ្នករៀបចំកម្មវិធីយុទ្ធនាការនេះ បានឲ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនេះ (២៣-២៤ មិថុនា ២០១៨) គឺមានអ្នកចូមរួមស្ម័គ្រចិត្តបរិច្ចាគឈាម ប្រមាណជា១,០០០នាក់។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អត្រានៃការប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការកើនឡើងគួរកត់សំគាល់ ហើយរាល់ការពង្រីក និងបន្ថែមសេវាឯកទេស នៅក្នុងមន្ទីរពេទ្យនេះ តម្រូវឲ្យមានការប្រើប្រាស់ឈាមកាន់តែច្រើន និងតម្រូវការសមសភាពឈាម (Blood Component) កាន់តែច្រើនឡើងផងដែរ។
លោកបានបន្ថែមថា សម្រាប់តែការប្រមូលឈាម និងការប្រើប្រាស់ឈាមក្នុងឆ្នាំ២០១៧ មន្ទីរពេទ្យបានប្រើប្រាស់ឈាម ចំនួន២,១១៦ប្លោក ហើយ៥៥%នៃចំនួននេះ ជាឈាមដែលបានពីសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានមកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ បើតាមតួនាទី និងការទទួលខុសត្រូវ ដែលបានចែងមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវមានកាព្វកិច្ចផ្គត់ផ្គង់ឈាម ដល់ដេប៉ូឈាមតាមន្ទីរពេទ្យបង្អែកស្រុកនានាក្នុងខេត្ត ក្នុងបរិមាណគ្រប់គ្រាន់ផងដែរ ហេតុដូច្នេះតម្រូវការបច្ចុប្បន្ន និងអនាគត គឺលើសពី៣,០០០ប្លោក ក្នុងមួយឆ្នាំ៕