(កំពង់ស្ពឺ)៖ លោក ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា បានលើកឡើងថា ដើម្បីរក្សាសុខសន្តិភាព ដំណើរការលទ្ធិប្រជាធិបតេយ្យបានរលូន និងការអភិវឌ្ឍនៅកម្ពុជា សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការលើកឡើងរបស់លោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៩៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអាណត្តិ តាមច្បាប់រដ្ឋធម្មនុញ្ញនៃកម្ពុជា។
លោកបានអំពាវនាវដល់មន្រ្តីបក្សជួយជំរុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា មានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជារៀងរហូតដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យឆាប់បានរីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត និងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស តាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
លោក ហ៊ីង ប៊ុនហៀង ក៏បានណែនាំដល់មន្រ្តីបក្សស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តធ្វើអំពើល្អបម្រើសេវាសាធារណៈ សេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវបន្តអនុវត្តន៍គោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ និងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំដើម្បីឲ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឲ្យបានទាន់ពេលវេលា។
ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌ នៅកម្ពុជា ត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិតេយ្យនៅកម្ពុជាខាងមុខ ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ ដែលមាននាសព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បានផ្ដល់ជូន៥ឃុំក្រុមយុវជន និងគណបកក្សស្រុកឱរ៉ាល់ ក្នុងមួយអង្គភាព ទទួលបានម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងអាយកូម៧គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង សម្រាប់បម្រើការងារការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម ក្នុងពេលបោះឆ្នោតខាងមុខ៕