(ស្វាយរៀង)៖ យុវជនម្នាក់ ជានិស្សិតឆ្នាំទី១ ផ្នែក IT ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង សហការជាមួយស្នងការយុត្តិធម៌កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនករណីឆបោក តាមប្រព័ន្ធសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសកម្លាំងរាជធានីភ្នំពេញ សហការជាកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង និងបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ចុះដឹកនាំកម្លាំងដោយរូបលោកផ្ទាល់ ដែលទទួលផែនយុត្តិធម៌ បង្ក្រាប និងឃាត់ខ្លួនបានយុវជនម្នាក់ ឆបោកតាមប្រព័ន្ធហ្វេសប៊ុក និងដកលុយតាមវីង នៅចំណុចកើតហេតុខាងលើ។
តាមការឆ្លើយរបស់ជនសង្ស័យ មានឈ្មោះ រុន ណាលិ អាយុ២៥ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី១ ផ្នែក IT មានទីលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនៅថ្ងៃដែល សមត្ថកិច្ចឃាត់ខ្លួននោះ គឺខ្លួនបានមកដកលុយ ដែលបានមកពីការឆបោកតាមហ្វេសប៊ុក (ពោលគឺហែកអាខោនហ្វេសប៊ុក ឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្លួន)។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានទូរស័ព្ទ១គ្រឿង ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនរួម និងវត្ថុតាងយកមករក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជួនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស្រី វុត្ថា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងរាយការណ៍ឲ្យសមត្ថកិច្ចរាល់សកម្មភាព កើតមានឡើងក្នុងមូលរដ្ឋាន។ ហើយសូមឲ្យបងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការ ឆបោករបស់ជនខិលខូចតាមរយៈរូបភាពផ្សេងៗ ជាច្រើនជាក់ស្តែងដូចថ្ងៃនេះជាដើម៕