(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ប្រមាណជា៣០០នាក់ថា ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោត ជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នា ស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឲ្យទៅបោះឆ្នោត និងកុំយកម្រាមដៃ ជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរងការផាក ពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ ផ្នែកព្រហ្មទណ្ឌផងដែរ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍១១កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញចូលរួម សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងជាអធិបតីភាព ពិធីដាក់ឲ្យប្រើប្រាស់ផ្លូវលំមួយខ្សែ ប្រវែង២៤០ម៉ែត្រ នៅភូមិព្រះម្លប់ ឃុំភារីមាជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយក្នុងនោះក៏មានការ ចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងប្រជាជននៅឃុំភារីមានជ័យ ប្រមាណ៣០០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ លោកអភិបាលស្រុករួចមក លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចាប់ពីឆ្នាំ២០១៦មក។ មានអ្នកលើកឡើងថា យើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិនប្រាកដថាជាអ្នកក្រទេ ព្រោះថាបើយើងក្រ គេមិនឲ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងសភាពការណ៍មួយ ដែលមានការរីកចម្រើនហើយ។ កម្ពុជាយើងនឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកនេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានសម្រេច នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនប្រជាជនបានឆ្លើយព្រមគ្នាថា ១) បានជាប្រទេសយើងរៀបចំការបោះឆ្នោត គឺដោយសារប្រទេសយើង កាន់របបប្រជាធិបតេយ្យសេរីពហុបក្ស, ២) យើងបានសុខសន្តិភាព២០ឆ្នាំហើយ គឺដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ៣) យើងនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់ប្រជាជនទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដោយត្រូវគូសឲ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។
បន្ទាប់ពីបានថ្លែងសំណេះសំណាលរួចមក លោកទេសរដ្ឋមន្ត្រីបានអញ្ជើញ កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ផ្លូវ និងបានរាប់បាត្រប្រគេនទេយ្យទាន ព្រះសង្ឃចំនួន២០អង្គបញ្ចប់កម្មវិធី៕