(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់គ្រូសារលោក ឈួន រូង ជាប្រជាពលរដ្ឋទីទ័លក្រ រស់នៅភូមិជីឱក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលអំណោយទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជន។
លោក ឈួន រូង អាយុ ៤៥ ឆ្នាំ មានភរិយា និងកូនចំនួន០៦នាក់ គ្មានជម្រកស្នាក់នៅពិតប្រាកដ ដោយដើរសុំបងប្អូនជ្រកកោន បណ្តោះអាសន្ន ដោយកន្លងមកគាត ចំណាកស្រុកទៅធ្វើកម្មករ នៅទីក្រុងភ្នំពេញ តែបច្ចុប្បន្នរស់នៅភូមិជីឱក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រកបមុខរបរដើរស៊ីឈ្នួលបាញ់ថ្នាំ និងបាចជីស្រូវឲ្យគេដោយបានប្រាក់កម្រៃក្នុងមួយថ្ងៃពី បីម៉ឺនរៀល ទៅបួនម៉ឺនរៀលប៉ុណ្ណោះ តែមិនមានការធ្វើរាល់ថ្ងៃនោះទេ។
ជម្រកស្នាក់នៅថ្មីដែលបានសាងសង់ប្រគល់ជូនគ្រួសារជនទីទ័លនេះ មានទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន២,៣៥០,០០០ រៀល។ ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ បានប្រគល់ជូនគ្រួសារគាត់បន្ថែមទៀតនូវ អង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន០២ កេស កន្ទេល០១ មុង០២ ចានស្រាក់ កំសៀវទឹក ចានឆ្នាំង ស្លាបព្រា កែវទឹក និងថវិកាចំនួន២៥០,០០០រៀលផងដែរ។
លោកឧត្តមសេនីយ៍ទោ និងក្រុមការងារទាំងអស់គ្នា សូមក្រាបថ្វាយបង្គំថ្លែងអំណរគុណ ចំពោះព្រះតេជគុណ ជរ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្តីដូង ដែលបានជួយឧបត្ថម្ភ សម្ភារខាងលើនេះ និងសូមថ្លែងអំណរគុណចំពោះលោកស្រី គីម ហុង (KIM HONG) អាជីវករនៅទីក្រុងភ្នំពេញដែលបានជួយឧបត្ថម្ភថវិកាចំនួន១០០$ ក្នុងការចូលរួមចំណែកក្នុងការសាងសង់ផ្ទះនេះផងដែរ៕