(ភ្នំពេញ)៖ ក្រុមឧក្រិដ្ឋជនចំនួន៦នាក់ ដែលប្រើឧបាយកលទុច្ចរិត យកឈ្មោះលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើរប្រមូលមនុស្សឲ្យចូលធ្វើអាវុធហត្ថដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា។
របាយការណ៍របស់កងរាជអាវុធហត្ថ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា បុគ្គលទាំង៦នាក់នោះ រួមមានទី១៖ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ តាំងខ្លួនជាឧត្តមសេនីយ៍ត្រី ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ឯក ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣៖ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ត្រី, ទី៤៖ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ, ទី៥៖ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ តាំងជាវរសេនីយ៍ទោ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦៖ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧ តាំងខ្លួនជាវរសេនីយ៍ទោ។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ឯកសណ្ឋានអាវុធហត្ថចំនួន២៤កំប្លេរ, ស័ក្ដិវរសេនីយ៍ចំនួន១៣គូ, មេដាយការងារ១៣គ្រឿង, ស៊ិញរូបស្វា១៥គ្រឿង, ស៊ិញអគ្គ១៦គ្រឿង, ស៊ិញអាវុធហត្ថកអាវ១០គូ, ផ្លាកឈ្មោះចំនួន៧ផ្លាក, ម៉ាស៊ីព្រីន១គ្រឿង កុំព្យូទ័រយូដៃ១, ត្រាឈ្មោះ និងត្រាផ្សេងៗ១១ត្រា និងម៉ូតូចំនួន៣គ្រឿង៕