(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានលើកឡើងថា មានក្រុមអ្នករិះគន់មួយចំនួន យកបញ្ហានៃភាពក្រីក្ររបស់ ប្រជាពលរដ្ឋធ្វើជាឧបករណ៍ ខាងនយោបាយ ដោយបានយកបញ្ហានៃភាពក្រីក្រនេះធ្វើការឃោសនាផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាល ទាំងពួកគេបានដឹងថា នៅប្រទេសណាក៏ដោយក៏មានអ្នកក្រដែរ ដូចជានៅសហរដ្ឋអាមេរិក ឬនៅ អឺរ៉ុបជាដើម ដែលជាប្រទេសអភិវឌ្ឍជឿនលឿនក៏នៅតែមានអ្នកក្រដែរ ចុះទំរាំកម្ពុជាវិញដែលធ្លាប់ ទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ច្រើនទសវត្ស៍នោះ តើពុំអាចមានអ្នកក្រទេ ឬយ៉ាងណា។
លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានលើកឡើងបែបនេះ ក្នុងពិធីចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ មកពីតាមភូមិនានា ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។ លោកបានបន្តឲ្យដឹងថា យើងពិតជាទទួលស្គាល់ថា នៅមានពលរដ្ឋកំពុងរស់នៅក្នុងភាពក្រីក្រ តែយើងបាន និង កំពុងកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋជាបណ្តើរៗហើយ។ ដូច្នេះសូមអ្នកនយោបាយកុំយកបញ្ហានេះ ធ្វើជាឧបករណ៍ឃោសនាដើម្បីកេងចំណេញខាងនយោបាយ។
តំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ បានបន្ថែមថា កម្ពុជាក្រោយសង្គ្រាមអាច កាត់បន្ថយភាពក្រីក្របានប៉ុណ្ណេះ វាជាមោទនភាពណាស់ទៅហើយ គួរតែត្រូវបានការសរសើរ តែផ្ទុយទៅ វិញមានក្រុមអ្នករិះគន់មួយចំនួនបានធ្វើការវាយប្រហារទៅវិញអំពីបញ្ហានៃភាពក្រីក្រនេះ។
បន្ថែមពីលើនេះ លោក កែវ ពិសិដ្ឋ បានបន្តថា នៅអឺរ៉ុប នៅអាមេរិក ឬនៅប្រទេសដទៃទៀត អ្នកក្រស្រុកគេនោះមានអ្នកខ្លះរហូតគ្មានផ្ទះរស់នៅ ត្រូវដើរដេកតាមចិញ្ចើមផ្លូវ តាមទីសាធារណៈ គ្មានចំណីអាហារទទួលទាន តែចំណែកអ្នកក្រនៅស្រុកខ្មែរ វិញមានផ្ទះរស់នៅ មានដីសម្រាប់ដាំដុះ ឬមានមុខរបរសម្រាប់ចិញ្ចឹមជីវិតខ្លះដែរ គឺនៅតែ ប្រសើរជាងគេដែរ។ ដូច្នេះ សូមកុំយកបញ្ហាអ្នកក្រនៅស្រុកខ្មែរធ្វើជាប្រធានបទសម្រាប់ជាការវាយប្រហារមកលើរាជរដ្ឋា ភិបាល ហើយគួរណាស់រួមគ្នាក្នុងការកសាងជាតិ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋវិញទើបជា ការប្រសើរជាងការវាយប្រហារបែបអវិជ្ជមាន៕