(ព្រៃវែង)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅខេត្តព្រៃវែង បានបណ្តាលឲ្យមន្រ្តីជលផលម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែត្រូវទូកក្រុមបទល្មើសនេសាទ បើកបំបុកនៅចំណុច ក្បាលកោះ ស្ថិតក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ពិន ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ ជានាយសង្កាត់រដ្ឋបាលជលផល ស្រុកពាមជរ ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋ រកឃើញ សពនៅជិតកន្លែងកើកហេតុ កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែល ខណៈមន្រ្តី២នាក់ទៀតរងរបួសធ្ងន់រួមមាន៖ ទី១៖ ឈ្មោះ ទ្រី សុគិត អាយុ២៩ឆ្នាំ ជាអ្នកបើកទូក និងទី២៖ ឈ្មោះ ខាន់ ទ្រី អាយុ៥៨ឆ្នាំ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង បានឲ្យដឹងថា ករណីនេះ កម្លាំងជលផលរបស់លោក បានចុះបង្ក្រាបបទល្មើសនេសាទ ព្រោះជារដូវហាមឃាត់ ពេលនោះមាននាយសង្កាត់ម្នាក់បានស្លាប់ និងកម្មករ២នាក់រងរបួស។

នៅពេលកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះទូកជ័រស្មាច់១គ្រឿង ដឹកធុងស្នោ បំពាក់ដោយម៉ាស៊ីន១គ្រឿង បើកពីជើងទៅត្បូងតាមបណ្ដោយទន្លេ មកបំបុកជាមួយទូកប្រដេញ របស់សង្កាត់ជលផល ស្រុកពាមជរ បណ្ដាលឲ្យទូកប្រដេញលិច ក្នុងទឹកហើយឈ្មោះ ពិន ចាន់ បានមុតត្រូវស្លាប់ចាក់ និងម៉ាស៊ីនចំក្បាល២កន្លែង ធ្លាក់ចូលទឹកស្លាប់បាត់ លុះរសៀលទើបរកសពឃើញ។

លោក​ អូន ស៊ីណាត បន្តថា ករណីនេះ ឃាតកម្ម ឬអត់នោះ លោកមិនហ៊ានសន្និដ្ឋានទេ សួរសមត្ថកិច្ចទៅ...?

ចំណែកលោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ ដោយភាគីបង្កបើកបុកជាមួយទូកជលផល ខណៈទូកជលផលតូចជាងគេ ទើបលិចតែម្ដង។ ចំណែកជនរងគ្រោះ ដែលស្លាប់ គឺមុតក្បាល២កន្លែងជ្រៅ ព្រោះចំស្លាបចាក់ម៉ាស៊ីន។

ក្រោយកើតហេតុភាគីម្ខាងទៀត បានរត់គេចបាត់ ដោយពុំមានជនណាស្គាល់ ប៉ុន្តែលោកកំពុងបន្តស្រាវជ្រាវ៕