(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានធ្វើវិភាគគុណភាពឱសថបំប៉នសុខភាពឈ្មោះ MADURA BOX/10Capsules និងកាហ្វេឈ្មោះ Coffee MADURA BOX/4 Sachets ផលិតផលនៅប្រទេសថៃ មានផ្ទុកឱសថសម័យឈ្មោះ Sildenafil ដែលជាឱសថប្រើប្រាស់ សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ជាលទ្ធផលបានបង្ហាញថា ឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត (ស្លាប់ដោយសារគាំងបេះដូង) ចំពោះអ្នកប្រើប្រាស់ ពិសេសចំពោះអ្នកចូលចិត្ដប្រើឱសថបំប៉នសុខភាពឈ្មោះ MADURA និងកាហ្វេឈ្មោះ Coffee MADURA តែម្ដង។

ចំពោះបញ្ហានេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដោយបានបញ្ជាក់ថា ឱសថក្លែងក្លាយទាំងនេះ ត្រូវបាននាំចូលមកកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់ ហើយផ្សព្វផ្សាយ និងចែកចាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ សុខភាពបៃតង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្រសួងបានបញ្ជាក់ថា តាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ SPIRULINA100% ក៏បានកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថជាច្រើនមុខដូចជា៖ SIX TEEN, SPIRULINA Japan,Tokaiyo, Chlorella Royal DX, Goat, Matcha Milk Green Tea, OMEGA 3EPA &DHA, Fucoidan, MEISHOKU, កៅអៀក TO-PLAN, Ginkgo Biloba, Glucosamine, Barley grass ដែលផលិតឱសថទាំងអស់នេះ ពុំបានត្រួតពិនិត្យគុណភាព ពុំបានចុះបញ្ជីកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួង ហើយថែមទាំងផ្សព្វផ្សាយភូតកុហក និងបំផ្លើសហួសពីការពិត ដូចជា ព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ជំងឺលើសឈាម ថ្លើម ក្រពះ អាស៊ីត និងបញ្ហាខួរក្បាលជាដើម ។

ដើម្បីជៀសរៀងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ នាំចូលឱសថបំប៉នសុខភាពផ្លូវភេទបុរសក្លែងក្លាយ និងពុំបានត្រួតពិនិត្យ និងពុំចុះបញ្ជិកា តាមការផ្សព្វផ្សាយតាមរយៈគណនីឈ្មោះ សុខភាពបៃតង និងគណនីហ្វេសប៊ុក SPIRULINA100% ជាបន្ទាន់ បើមិនបញ្ឈប់នោះទេ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ។

សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖