(កណ្ដាល)៖ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១,៦១០នាក់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានអំពាវនាវឲ្យសមាជិក-សមាជិកា បក្សថ្មីចំនួន ១,៦១០នាក់ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកអគ្គបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹក ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក-សមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកខ្សាច់កណ្តាល ទាំងអស់ ដោយគូសបញ្ជាក់ថា ប្រទេសកម្ពុជាបាន និងកំពុងមានភាពរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃលើគ្រប់វិស័យ, ទាំងទីក្រុង និងជនបទ, ព្រោះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈ «នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ហើយមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលតែងតែនៅជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដើម្បីដោះស្រាយការលំបាក សេចក្តីត្រូវការ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំកុំមានការ រើសអើងណាមួយចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ និងបន្តស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកបក្សដទៃ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវឲ្យសមាជិក-សមាជិកាបក្សទូទាំង ស្រុកខ្សាច់កណ្តាល ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីធានា ឲ្យប្រទសកម្ពុជាមានឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះ, ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតដើម្បីខ្លួនយើង, គ្រួសារយើង, និងសង្គមជាតិរបស់យើងទាំងមូល។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាបក្សថ្មី នៅក្នុងស្រុកខ្សាច់កណ្តាល ដោយលើកទី១៖ ជួបសមាជិកបក្ស ថ្មីចំនួន១,៧៦៧ នាក់, ក្នុងនោះមានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៤៧១ នាក់ ហើយការជួបលើកទី២នេះ មានសមាជិកបក្សថ្មីចំនួន ១,៦១០ នាក់, ក្នុងនោះមានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៣៤៦ នាក់ផងដែរ៕