(ភ្នំពេញ)៖ សិល្បករកម្ពុជា-ចិនជាច្រើនរូប បានសម្តែងសិល្បៈ១៣ប្រភេទរួមគ្នា ដើម្បីផ្លាស់ប្តូរវប្បធម៌សិល្បៈ និងដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលមហោស្រពចតុមុខ ក្រោមក្រសែភ្នែកអ្នកទស្សនារាប់រយនាក់។ ពិធីសម្តែងសិល្បៈរវាងកម្ពុជា-ចិននេះ បានធ្វើឡើង ដោយមានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ម៉ា ចៀនហ្វី នាយកស្តីទីវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល ហាន់ប៉ាន់ លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា រួមនឹងអ្នកទស្សនារាប់រយនាក់ទៀត។
នារាត្រីនោះ ក្រុមសិល្បៈករកម្ពុជា-ចិន បានសម្តែងសិល្បៈរួមគ្នា យ៉ាងជប់ចិត្តដិតអារម្មណ៍ រហូតទៅដល់១៣ប្រភេទ ក្នុងនោះរួមមាន ការប្រគំភ្លេងប្រជាប្រិយ, របាំជាក្រុម, របាំសែនភ្លយ, ការសំដែងពិន «ទប់ទល់នឹងព្យុះទីហ្វុង», ការសំដែងក្បាច់គុណចិន, របាំក្ងោកប៉ៃលិន, ការកូតទ្រ «ប្រណាំងសេះ», របាំ «សុវណ្ណមច្ឆា», របាំ«សុបិនឃើញឃុំលីណា», ល្ខោន «អ្នកម្នាងស្រវឹងស្រា», ចម្រៀង «ផ្កាម្លិះ», ចម្រៀង «ឱផ្ទៃស្រុកខ្មែរ», របាំគោះអង្រែ។ក្រោយបញ្ចប់ការសម្តែងសិល្បៈរួមគ្នា សិល្បករកម្ពុជា-ចិន ក៏បានចម្រៀងរួមគ្នាកម្ពុជា ចិន «នៅឆ្ងាយដូចកាយនៅជិត» ដែលជាការសំដែងដោយ សាកលវិទ្យាល័យ គរុកោសល្យប៉េកាំង និងក្រុមសាលាតន្រ្តី ហ៊ឹម សុភី។
នៅក្នុងឱកាសនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា តាមរយៈប្រពៃណីទំនៀមទំលាប់បានបង្ហាញថា ទំនាក់ទំនងកម្ពុជា-ចិន ស្អិតរមួត ជាបងជាប្អូន ជាសាច់ជាឈាម នឹងគ្នា។ រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់វិទ្យាស្ថានខុងជឺ ដែលបានសហការជាមួយរាជ្យបណ្ឌិតសភាកម្ពុជា ក៏ដូចជាវិទ្យាស្ថានបណ្តុះបណ្តាលនានា នៅក្នុងប្រទេសកម្ពុជា ដែលបានជំរុញ និងចូលរួមយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងសម័យមានសុខសន្តិភាព ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំប្រទេសនាពេលនេះ។ លោកស្រី សង្ឃឹមថា ប្រទេសកម្ពុជា-ចិន នឹងរួមគ្នាគ្រប់វិស័យ ក្នុងការធ្វើដំណើររួមគ្នា ដោយសុខសន្តិភាព ដើម្បីភាពរីកចម្រើនទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជា ប្រទេសចិន និងតំបន់ទាំងមូល។
ជាមួយគ្នានោះ លោក ម៉ា ចៀនហ្វី នាយកស្តីទីវិទ្យាស្ថានខុងជឺ ទីស្នាក់ការកណ្តាល ហាន់ប៉ាន់ បានលើកឡើងថា វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភា បានខិតខំរៀបចំកម្មវិធីមួយនេះ ឲ្យបានល្អ និងរលូនទៅមើលដោយសារយល់ឃើញថា ការសម្តែងសិល្បៈ១៣ប្រភេទរួមគ្នានេះ ដើម្បីផ្លាស់ប្តូរសិល្បៈវប្បធម៌ និងដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោក ម៉ា ចៀនហ្វី បានបន្ថែមថា ក្នុងរយៈពេល៩ឆ្នាំមកនេះ វិទ្យាស្ថានមួយនេះ បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សផ្នែកភាសាចិន ស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងជាមជ្ឈមណ្ឌលទុកឯកសារ និងសៀវភៅ ដែលមានទាំងភាសាខ្មែរ និងភាសាចិន និងមានវិសាលភាពនៃការបង្រៀនខ្លាំងក្លាជាងមុនផងដែរ។
លោក ម៉ា ចៀនហ្វី បានលើកឡើងថា វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា គឺជាស្ថាប័នមួយដែលត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ និងត្រូវបានសម្ពោធជាផ្លូវការ ដោយសម្តេចវិបុល សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ស៊ី ជីងពីង ដែលកាលនោះ ជាអនុប្រធានាធិបតីចិន។
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដែលទំនាក់ទំនងត្រូវចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ, ភូមិសាស្ត្រ, វប្បធម៌ នយោបាយ, សេដ្ឋកិច្ច និងមរតកនៃអ្នកដឹកនាំកំពូលរបស់នៃប្រទេសយើងទាំងពីរ។ ស្ថាបនិកដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺលោក ជូ អេងឡាយ នៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចព្រះបរមរតនកោដិ នរោត្តម សីហុន នៃព្រះរាជាណាចក្រកម្ពុជា, ហើយអ្នកដឹកនាំកំពូលនៃប្រទេសយើងទាំងពីរដែលជាអ្នកបន្តវេនពូនជ្រំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានមកដល់កម្រិតមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។